(ញូវដេលី)៖ មន្ត្រីរដ្ឋាភិបាលម្នាក់នៅភាគកណ្ដាលប្រទេសឥណ្ឌា ត្រូវបានគេព្យួរតំណែង បន្ទាប់ពីបានបញ្ជាឱ្យគេបូមទំនប់ទឹកមួយកន្លែងឱ្យរីង ដើម្បីស្រង់យក ទូរស័ព្ទដៃរបស់ខ្លួន ដែលបានធ្លាក់ចូលក្នុងទំនប់ទឹកនោះ នៅពេលកំពុងថតសែលហ្វី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោក រ៉ាចែស វីស្វាស (Rajesh Vishwas) ជាមន្ត្រីអធិការកិច្ចខាងចំណីអាហារ បានធ្វើឱ្យទូរស័ព្ទដៃរបស់លោក ធ្លាក់ចូលក្នុងទំនប់ទឹក ខឺកាត់តា (Kherkatta) ស្ថិតនៅក្នុងស្រុក កាន់ឃឺ (Kanker) នៃរដ្ឋ ឆាតធីសហ្កាស (Chhattisgarh) កាលពីសប្ដាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោក Vishwas បានបញ្ជាឱ្យអ្នកមុជទឹកចុះទៅស្រង់យកទូរស័ព្ទដៃស្មាតហ្វូនរបស់លោក ដោយអះអាងថាមានឯកសារសំខាន់ៗរបស់រដ្ឋាភិបាលនៅក្នុងទូរស័ព្ទដៃនោះ។ ប៉ុន្តែ ការចុះស្រង់ទូរស័ព្ទដៃនេះបានបរាជ័យ ទើបលោកស្នើឱ្យគេបូមទឹកចេញពីទំនប់ទឹកតែម្ដង។ លោក Vishwas បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ទំនប់ទឹក ខាងលើមិនអាចប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្របាននោះទេ ហើយថាលោកទទួលបានការអនុញ្ញាតពីមន្ត្រីជាន់ខ្ពស់ម្នាក់ឱ្យបូមទំនប់ទឹកនេះទៀតផង។

ក្នុងរយៈពេលជាង ៣ថ្ងៃ ទឹកប្រហែល ២លានលីត្រត្រូវបានបូមចេញពីទំនប់ទឹកខាងលើ ហើយដែលបរិមាណទឹកនេះគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ធារាសាស្ត្រ ដីកសិកម្ម ៦០៧ហិកតា ក្នុងរដូវក្ដៅនៅឥណ្ឌា។ នៅទីបំផុត ទូរស័ព្ទត្រូវបានរកឃើញ ប៉ុន្តែវាបានខូច ដោយសារទឹកចូលបាត់ទៅហើយ។ ចំណែកឯ លោក Vishwas ដែលត្រូវបានគេឃើញនៅក្នុងវីដេអូអង្គុយមើលគេបូមទឹក នៅក្រោមឆត្រពណ៌ក្រហម ត្រូវបានគេព្យួរតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងលើបណ្ដាញ ទំនាក់ទំនងសង្គម ថាលោកបានខ្ជះខ្ជាយទឹកឥតប្រយោជន៍ ដែលបានបង្កផលលំបាកដល់កសិករក្នុងតំបន់។

គួរបញ្ជាក់ថា ការស៊ើបអង្កេតមួយក៏បានធ្វើឡើងផងដែរលើមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលអនុញ្ញាតឱ្យលោក Vishwas បូមទំនប់ទឹកឱ្យរីង ដើម្បីរកទូរស័ព្ទ៕