(តេហេរ៉ង់)៖ អ៉ីរ៉ង់ បានចោទប្រកាន់ថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងប្រើប្រាស់អ៉ីរ៉ង់ជាឈ្នាន់ដើម្បីទទួលបានការគាំទ្រយោធា និងជំនួយហិរញ្ញវត្ថុពីបណ្ដាប្រទេសលោកខាងលិចតែប៉ុណ្ណោះ តាមរយៈការចោទទីក្រុងតេហេរ៉ង់ថាកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់យន្ដហោះដ្រូន សម្រាប់រុស្ស៉ី យកទៅ ប្រើប្រាស់នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ អ៉ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ តែក្រោយមកបានទទួលស្គាល់ថាខ្លួនពិតជាបានលក់ យន្ដហោះដ្រូនឱ្យទីក្រុងមូស្គូពិតមែន តែបានធ្វើឡើងតាំងតែពីមុនសង្រ្គាមផ្ទុះឡើងមកម្ល៉េះ។
ដោយឡែក ប្រតិកម្មខាងលើរបស់អ៉ីរ៉ង់ កើតមានឡើង បន្ទាប់ពីលោក ហ្សេលេនស្គី កាលពីថ្ងៃពុធកន្លងទៅនេះ បានចោទសួរទៅកាន់អ៉ីរ៉ង់ថាតើហេតុអ្វីបាន ជាគាំទ្ររុស្ស៉ី និងអំពើឃោរឃៅ? ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាស់ស័រ កាណានី (Nasser Kanani) បានលើកឡើងថា ការលើកឡើងរបស់លោក ហ្សេលេនស្គី គឺជារឿងមិនពិត និងគ្រាន់តែជាការឃោសនាប្រឆាំងនឹងអ៉ីរ៉ង់ ហើយការចោទប្រកាន់គឺមានគោលដៅទាក់ទាញ ជំនួយយោធា និងហិរញ្ញវត្ថុពីបណ្ដាប្រទេសលោកខាងលិច តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា រុស្ស៉ី ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់យន្ដហោះដ្រូនអត្តឃាត Shahed ផលិតដោយអ៉ីរ៉ង់ ១,១៦០គ្រឿង នៅក្នុងការវាយប្រហារ ប្រឆាំងអ៊ុយក្រែន៕