(ឡាអេ)៖ ប៉ូលិសហូឡង់ បានឱ្យដឹងថាមនុស្សច្រើនជាង ១,៥០០នាក់ ត្រូវបានឃាត់ខ្លួន អំឡុងការធ្វើបាតុកម្មតវ៉ាមួយធ្វើឡើងដោយក្រុមសកម្មជនការពារបរិស្ថាន Extinction Rebellion ក្នុងទីក្រុងឡាអេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

ក្រុមសកម្មជនខាងលើបានតវ៉ាបិទផ្លូវមួយកន្លែង នៅចំកណ្ដាលទីក្រុងឡាអេ កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ដើម្បីបង្ហាញការតវ៉ាចំពោះផែនការឧបត្ថម្ភធនរបស់ រដ្ឋាភិបាលហូឡង់ លើវិស័យឥន្ធនៈផូស៊ីល។ ប៉ូលិសហូឡង់ ក៏បានប្រើប្រាស់កាណុងបាញ់ទឹក បំបែកហ្វូងបាតុករផងដែរ និងឃាត់ខ្លួនមនុស្ស ១,៥៧៩នាក់ ហើយក្នុង ចំណោមពួកគេមាន៤០នាក់ នឹងប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ ក្នុងនោះរួមមានទាំងបទចោទប្រកាន់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើគឺជាបាតុកម្មតវ៉ាជាលើកទី៧ ដែលរៀបចំឡើងដោយសកម្មជនការពារបរិស្ថាន Extinction Rebellion នៅក្នុងទីក្រុងឡាអេ តែ នេះជាចំនួនមនុស្សត្រូវបានឃាត់ខ្លួនច្រើនជាងគេបំផុត គិតមកទល់នឹងពេលនេះ៕