(បែរឡាំង)៖ ប្រភពពីក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អាល្លឺម៉ង់នឹងដកបុគ្គលិករដ្ឋាភិបាលជាង ១០០នាក់ដែលកំពុងធ្វើការនៅរុស្ស៉ីឲ្យត្រលប់មកវិញ បន្ទាប់ពីទីក្រុងមូស្គូបានដាក់កម្រិតលើចំនួនអ្នកបម្រើបេសកកម្មការទូតអាល្លឺម៉ង់ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

ប្រភពដដែល បានបញ្ជាក់ថា «ដែនកំណត់នេះចំនួនបុគ្គលិកដោយរុស្ស៉ី នឹងចូលជាធរមាននៅដើមខែមិថុនា ខាងមុខ ដោយទាមទារឲ្យមានការកាត់បន្ថយដ៏ធំនៅគ្រប់ផ្នែកទាំងអស់នៃវត្តមានរបស់យើងក្នុងប្រទេសរុស្ស៉ី»។

អ្នកដែលរងផលប៉ះពាល់រួមមានគ្រូបង្រៀន ក៏ដូចជាបុគ្គលិកផ្សេងទៀតនៃសាលារៀន និងវិទ្យាស្ថាន Goethe ហើយចាំបាច់ត្រូវរក្សាតុល្យភាពត្រឹមត្រូវសម្រាប់វត្តមានអ្នកការទូតអាល្លឺម៉ង់។ ក្នុងចំណោមបុគ្គលដែលបានរៀបរាប់នេះ គឺមានចំនួន ១០០នាក់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងអាល្លឺម៉ង់ដែលធ្លាប់ជាអ្នកទិញប្រេង និងឧស្ម័នដ៏ធំបំផុតរបស់រុស្ស៉ី បានបែកបាក់ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយដែលលោកខាងលិចបានឆ្លើយតបដោយការដាក់ទណ្ឌកម្ម និងការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងកៀវ៕