(ខាទុំ)៖ ស្ថានការណ៍ប្រយុទ្ធគ្នាក្នុងទីក្រុងខាទុំ (Khartoum) ហាក់មានភាពស្ងប់ស្ងាត់ជាងមុននៅព្រឹកថ្ងៃសៅរ៍នេះ ក្រោមបទឈប់បាញ់រយៈពេល ៧ថ្ងៃ ទោះបីជាដំណើរការផ្តល់ជំនួយមនុស្សធម៌នៅមិនទាន់សម្រេចបាន តាមការសន្យាដល់មនុស្សរាប់លាននាក់ដែលកំពុងជាប់គាំងដោយជម្លោះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។
បទឈប់បាញ់មួយដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទដោយភាគីជម្លោះគឺកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា (RSF) មានគោលបំណងធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងនាំទៅរកកិច្ចចរចាកាន់តែទូលំទូលាយនោះ គាំទ្រដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។
សាក្សីបាននិយាយនៅថ្ងៃសៅរ៍នេះថា ក្នុងទីក្រុងខាទុំ ហាក់មានភាពស្ងប់ស្ងាត់ បើទោះបីជាមានការប៉ះទង្គិចជាបន្តបន្ទាប់ត្រូវបានគេរាយការណ៍ពេញមួយយប់ក៏ដោយ។ ទូរទស្សន៍ Al-Arabiya បានរាយការណ៍ពីការប៉ះទង្គិចគ្នាមួយចំនួននៅភាគពាយ័ព្យទីក្រុងខាទុំ និងភាគខាងត្បូងទីក្រុងអូមឌូម៉ាន់ (Omdurman)។ យ៉ាងនេះក្តី ក្រុមភ្នាក់ងារជំនួយនិយាយថា ទោះបីជាមានបទឈប់បាញ់ប៉ុន្តែពួកគេត្រូវតស៊ូដើម្បីទទួលបានការធានាពីខាងការិយាធិបតេយ្យ និងសន្តិសុខ លើការដឹកជញ្ជូនជំនួយ និងនាំយកបុគ្គលិកទៅកាន់ទីក្រុងខាទុំ (Khartoum) និងតំបន់ក្តៅផ្សេងទៀត។
គួរបញ្ជាក់ថា ជម្លោះដែលបានផ្ទុះកាលពីថ្ងៃទី១៥ ខែមេសា បានសម្លាប់ជនស៊ីវិលកើនឡើង ៧៣០នាក់និងបណ្តាលឲ្យជនជាតិស៊ូដង់ ១.៣លាននាក់ចាកចេញពីផ្ទះរបស់ពួកគេដោយភៀសខ្លួនទៅក្រៅប្រទេស ឬទៅកាន់ផ្នែកដែលមានសុវត្ថិភាពជាងនេះ៕