(ប៉េកាំង)៖ «យើងបាននិងកំពុងគ្រោងធ្វើកិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុនចិន ដើម្បីផលិតបរិក្ខារថាមពលកកើតឡើងវិញ។ ” ពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗកន្លងទៅនេះ លោក  Mark Hutchinson នាយកប្រតិបតិ្តនៃក្រុមហ៊ុនFortescue Future Industriesប្រទេសអូស្ត្រាលីបានថ្លែងថា បច្ចេកទេសផលិតដោយស្វ័យប្រវតិ្តរបស់ប្រទេសចិន“គួរឱ្យអ្នកផងភ្ញាក់ផ្អើល»។

សហគ្រាសបរទេសជាច្រើនដូចក្រុមហ៊ុនFortescue  Future Industries នៃប្រទេសអូស្ត្រាលីអ៊ីចឹងបានមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ។ របាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មបរទេស ប្រចាំប្រទេសចិនជាច្រើននាពេលថ្មីៗកន្លងទៅនេះ បាន បញ្ជាក់ពីយ៉ាងពេញលេញអំពីបញ្ហានេះ ។ ឧទាហរណ៍ដូចជា ការស្ទង់ប្រជាមតិមួយលើករបស់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅប្រទេសចិនបានបង្ហាញថា  សហគ្រាសអាមេរិកដែលធ្វើអាជីវកម្មនៅចិន មានចំនួន៦៦ភាគរយបង្ហាញថា នឹងរក្សាឬបន្ថែមការវិនិយោគនៅចិននៅពីរឆ្នាំខាងមុខ រីឯរបាយការណ៍ដែលសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំនៅប្រទេសចិនចេញផ្សាយបានលើកឡើងថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនជិត៦០ភាគរយថ្លែងថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹង“បន្ថែមដោយសមល្មម”ឬ“បន្ថែមយ៉ាងលេចធ្លោ”នូវប្រាក់ចំណាយសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍនៅប្រទេសចិន ។ល។

ប្រការនេះក៏បានបកស្រាយដែរថា ហេតុអ្វីបានជាទិន្នន័យអំពីការប្រើប្រាស់ទុនបរទេសរបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ ។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ទុនបរទេសដែលចិនបានប្រើប្រាស់ដោយជាក់ស្តែង មានចំនួនជិត៥សែនលានយាន់ប្រាក់ចិន ដែលបានកើនឡើង២,២ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការវិនិយោគនៅប្រទេសចិន របស់ប្រទេសបារាំង អង់គ្លេសនិងកូរ៉េខាងត្បូងជាដើម បានកើនឡើងឆាប់បង្គួរ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការវិនិយោគ របស់សហគ្រាសបរទេសមិនត្រឹមតែបានបង្កើត ហាងលក់ទំនិញឬបង្កើតរោងចក្រប៉ុណ្ណោះទេ សហគ្រាសបរទេសកាន់តែច្រើនឡើងៗបានបង្កើត មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅប្រទេសចិន ។ អ្នកវិភាគខ្លះបានវែកញែកថា អនាគតនៃទីផ្សារ ប្រាក់ចំណេញ បរិយាកាសច្នៃប្រឌិតថ្មី និងនិរន្តរភាពរបស់គោលនយោបាយ គឺជាការគិតគូរដ៏សំខាន់របស់សហគ្រាស ខណៈពេលធ្វើការវិនិយោគ ។

ក្នុងរយៈពេល៣ឆ្នាំកន្លងមក ការរីករាលដាលនៃជំងឺកូវីដ១៩ និងភាពច្របូកច្របល់ នៃស្ថានការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិ បណ្តាលឱ្យសេដ្ឋកិច្ចសកលធ្លាក់ក្នុងភាពថមថយចុះ ។ បើប្រៀបធៀបនឹងបរទេស បរិយាកាសអភិវឌ្ឍន៍របស់ចិនមានស្ថិរភាព កំណើនសេដ្ឋកិច្ចមានការវិវឌ្ឍរីកចម្រើន ប្រកបដោយភាពនឹងនរ មានមហាទីផ្សារដែលមានមនុស្សចំនួនជាង ១ពាន់៤រយលាននាក់ និងក្រុមមនុស្សចំណូលមធ្យមចំនួនជាង ៤រយលាននាក់ ប្រការទាំងនេះបានកកើតទៅជា “កម្លាំងទាក់ទាញ”យ៉ាងខ្លាំងចំពោះទុនបរទេស ។ របាយការណ៍ថ្មីបំផុតដែលអង្គការសហប្រជាជាតិ បានចេញផ្សាយ បានតម្លើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំនេះពី៤,៨ភាគរយឡើងដល់៥,៣ភាគរយ ។

តើធ្វើយ៉ាងម៉េច ទើបអាចលើកកម្ពស់ផលិតកម្មនិងកាត់បន្ថយដើមទុន វាពាក់ព័ន្ធដោយផ្ទាល់ដល់ការអភិវឌ្ឍរបស់សហគ្រាស ។ ប្រទេសចិនមានប្រព័ន្ធឧស្សាហកម្ម ដែលមានទ្រង់ទ្រាយធំជាងគេ ប្រភេទច្រើនជាងគេ និងខ្សែសង្វាក់ល្អពេញលេញជាងគេ ប្រការទាំងនេះមានអំណោយផលដល់ សហគ្រាសទុនបរទេស ក្នុងការទទួលបានសម្ភារៈដើមនិងគ្រឿងបន្លាស់ជាដើម ដោយដើមទុនទាបបង្គួរ ក្នុងន័យបង្កើនសមត្ថភាពរកប្រាក់ចំណេញ ។ ក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយនេះ អត្រារកបានប្រាក់ចំណេញ នៃការវិនិយោគដោយផ្ទាល់របស់សហគ្រាសទុនបរទេស នៅប្រទេសចិន គឺ៩,១ភាគរយ ដែលជាប់ចំណាត់ថ្នាក់នាំមុខនៅលើពិភពលោក ។

និយាយចំពោះសហគ្រាស ការសម្រេចបាននូវការលើកកម្ពស់លំដាប់ថ្នាក់ តាមរយៈការច្នៃប្រឌិតថ្មី ជាគន្លឹះសម្រាប់រក្សាកម្លាំងរស់រវើក ។ ប៉ុន្មានឆ្នាំកម្លងទៅនេះ ឧត្តមភាពលើវិស័យច្នៃប្រឌិតថ្មី របស់ប្រទេសចិនមានភាពកាន់តែលេចធ្លោ ។ ក្នុង«សន្ទស្សន៍នវានុវត្តន៍សកល ឆ្នាំ២០២២ » ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចំណាត់ថ្នាក់របស់ប្រទេសចិន បានឡើងដល់លេខរៀងទី១១ ដែលបានកើនឡើងប្រកបដោយភាពនឹងនរ ក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការធ្វើវិនិយោគនៅប្រទេសចិន ដែលមានភាពច្នៃប្រឌិតថ្មី អ្វីដែលសហគ្រាសទុនបរទសអាចទទួលបាន មិនត្រឹមតែប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងក៏មានឱកាសនៅពេលអនាគតផងដែរ ។

ក្រិត្យក្រមទីផ្សារបានបញ្ជាក់ថា តំបន់ដែលអាចនាំមកនូវប្រាក់ចំណេញ គឺជាជម្រើសដ៏ល្អរបស់សហគ្រាស។ អ្នកផងទាំងពួងជឿជាក់ថា ប្រទេសចិននឹងបន្តក្លាយជាជម្រើសជាអាទិភាព របស់ពាណិជ្ជករបរទេសសម្រាប់បណ្តាក់ទុននិងប្រកបអាជីវកម្ម៕

វិទ្យុមិត្តភាពកម្ពុជាចិន