(មូស្គូ)៖ រុស្ស៉ីនៅថ្ងៃសៅរ៍នេះ បានទាត់ចោលការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជុំវិញផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច របស់ទីក្រុងមូស្គូនៅឯប្រទេសបេឡារុស ដោយរុស្ស៉ីបាននិយាយថា ទីក្រុងវ៉ាស៉ីនតោនបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទនេះ នៅពាសពេញ​ទ្វីបអឺរ៉ុបអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួនកំពុងចាប់ផ្តើមអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនោះហើយ។ វានឹងជាការដាក់​ពង្រាយអាវុធប្រភេទនេះលើកដំបូងបង្អស់ នៅក្រៅព្រំប្រទល់ប្រទេសរុស្ស៉ី គិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត កាលពីឆ្នាំ១៩៩១។ រីឯកាលពីថ្ងៃសុក្រ លោក ចូ បៃដិន បាននិយាយថា លោកមានប្រតិកម្មអវិជ្ជមានជាខ្លាំងចំពោះសេចក្តីរាយការណ៍ ដែលថារុស្ស៉ីបានចាប់ផ្តើមអនុវត្ត​ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស។ ចំណែកក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសផងដែរ។

យ៉ាងណាក្តី ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍នេះ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាសិទ្ធិអធិបតេយ្យរបស់រុស្ស៉ីនិងបេឡារុស ក្នុងការធានាសន្តិសុខរបស់ប្រទេសទាំងពីរ តាមរយៈមធ្យោបាយផ្សេងៗ ដែលពួកយើងចាត់ទុកថាជារឿងចាំបាច់ ក្នុងគ្រាដែលមានសង្រ្គាមកូនកាត់​ទ្រង់ទ្រាយធំបង្កឡើងដោយទីក្រុងវ៉ាស៉ីនតោន ប្រឆាំងមកលើយើង។ ចំណាត់ការដែលពួកយើងបានធ្វើ គឺសមស្របទាំងស្រុងជាមួយនឹងកាតព្វកិច្ច​ផ្លូវច្បាប់ជាអន្តរជាតិរបស់យើង»។

ស្ថានទូតរុស្ស៉ីបានហៅការរិះគន់របស់អាមេរិក ជុំវិញផែនការពង្រាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូជាទង្វើពុតត្បុត ដោយនិយាយថា មុនពេល​ស្តីបន្ទោសអ្នកដទៃ ទីក្រុងវ៉ាស៉ីនតោនគួរតែពិនិត្យមើលទង្វើខ្លួនឯងជាមុនសិន។ ស្ថានទូតរុស្ស៉ីបានអះអាងថា «អស់រយៈពេលរាប់ទសវត្សរ៍ហើយ ដែលអាមេរិកបានរក្សាអាវុធនុយក្លេអ៊ែររបស់ខ្លួនច្រើនសន្ធឹកសន្ធាប់នៅទ្វីបអឺរ៉ុប។ ដោយរួមគ្នាជាមួយសម្ព័ន្ធមិត្តអង្គការណាតូ (NATO) របស់ខ្លួន អាមេរិកបានអនុវត្តគោលការណ៍ចែករំលែកអាវុធនុយក្លេអ៊ែរ ព្រមទាំងការហ្វឹកហាត់សម្រាប់សេណារីយ៉ូប្រើប្រាស់អាវុធទាំងនោះ ប្រឆាំងមកលើ​ប្រទេសរបស់យើង»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅតំបន់ភាគខាងលិចអឺរ៉ុប ចាប់តាំងពីពេលប្រធានាធិបតីអាមេរិក លោក ដ្វាយ ឌី អ៉ីសិនហូវើ (Dwight D Eisenhower) បានអនុញ្ញាតឱ្យមានការដាក់ពង្រាយពួកវា នៅអំលុងសម័យសង្រ្គាមត្រជាក់ ដើម្បីទប់ទល់ការគំរាមកំហែង​ពីសហភាពសូវៀត។ អាវុធនុយក្លេអ៊ែរអាមេរិកដំបូងបំផុតនៅអឺរ៉ុប ត្រូវបានដាក់ពង្រាយនៅចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៥៤។ ​ភាគច្រើននៃព័ត៌មានលម្អិតស្តីអំពី ការដាក់ពង្រាយនុយក្លេអ៊ែរអាមេរិក នាពេលបច្ចុប្បន្ន គឺស្ថិតក្រោមការលាក់ការណ៍សម្ងាត់ ប៉ុន្តែស្ថាប័នស្រាវជ្រាវ Federation of American Scientists បានអះអាងថា អាមេរិកមានអាវុធនុយក្លេអ៊ែរតាក់ទិច B61 ចំនួន១០០គ្រាប់ ដាក់ពង្រាយនៅអឺរ៉ុប រួមមាននៅអ៉ីតាលី អាល្លឺម៉ង់ តួកគី បែលហ្ស៉ិក និងហូឡង់៕