(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងបានលើកឡើងសាជាថ្មីម្តងទៀតនូវឆន្ទៈរបស់លោក ក្នុងការជួយជំរុញឱ្យមានការបើកកិច្ចចរចាសន្តិភាពឡើងវិញ រវាងភាគីទាំងសងខាងនៃសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។
លោក លូឡា បាននិយាយថា រូបលោកបានលើកឡើងជាថ្មីម្តងទៀត នូវឆន្ទៈរបស់ប្រេស៉ីល រួមជាមួយឥណ្ឌា ឥណ្ឌូណេស៉ី និងចិន ក្នុងការជជែកគ្នាជាមួយភាគីទាំងសងខាង នៃជម្លោះនៅអ៊ុយក្រែន ក្រោមគោលដៅជួយស្វែងរកសន្តិភាព។ បើតាមលោក លូឡា ក្នុងសប្តាហ៍នេះ លោកក៏បានជជែកអំពីបញ្ហានេះជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ផងដែរ។ វិមានក្រឹមឡាំងបានទទួលស្គាល់ ជំនួបសន្ទនាតាមទូរស័ព្ទនេះ និងបានឱ្យដឹងថា កំលុងកិច្ចពិភាក្សានោះ លោក ពូទីន បានប្រាប់លោក លូឡា ថា រុស្ស៉ីបើកទ្វារចំហជានិច្ចសម្រាប់កិច្ចចរចាជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក លូឡា បាននិងកំពុងព្យាយាមដើរតួនាទី ជាអ្នកជួយស្វែងរកមធ្យោបាយ ដើម្បីបិទបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម ដែលបានចាប់ផ្តើម នៅពេលដែលរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ សំណើរបស់លោក ដែលផ្អែកលើគោលការណ៍អព្យាក្រឹតភាព និងមិនជ្រៀតជ្រែកយូរអង្វែងមកហើយរបស់ប្រេស៉ីល អំពាវនាវឱ្យក្រុមប្រទេសដែលមិនពាក់ព័ន្ធក្នុងសង្រ្គាម រួមគ្នាធ្វើប្រាស្រ័យទាក់ទងទាំងជាមួយរុស្ស៉ីនិងអ៊ុយក្រែន ក្នុងកិច្ចពិភាក្សា។
ក្នុងខែឧសភានេះ តាមពិតលោក លូឡា ក៏ត្រូវបានគ្រោងជួបមុខគ្នាផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរ នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ក្នុងប្រទេសជប៉ុន ប៉ុន្តែគម្រោងនោះត្រូវខកខានវិញ ដោយសារតែបញ្ហាកាលវិភាគ៕