(ស្តុកខម)៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billström បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស៊ុយអែតនៅតែសង្ឃឹមថា នឹងក្លាយជាសមាជិក នៃអង្គការ NATO នៅពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនៅទីក្រុង Vilnius ក្នុងខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន បានជំរុញឱ្យស៊ុយអែត និងហ្វាំងឡង់ឱ្យបោះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធារបស់ខ្លួន ដែលបានប្រកាន់ភ្ជាប់ជាយូរមកហើយ ហើយស្វែងរកការធានាការពាររបស់អង្គការ NATO។
ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកអង្គការណាតូកាលពីខែមុន ប៉ុន្តែសមាជិកភាពរបស់ប្រទេសស៊ុយអែតត្រូវបានរារាំង ដោយការជំទាស់ពីតួកគី និងហុងគ្រី។
លោក Billström បានប្រាប់អ្នកយកព័ត៌មានថា «វានឹងមិនមានផែនការ B ឬអ្វីដូចនោះទេ។ ផែនការ B គឺជាផែនការ A...ហើយនោះជាអ្វីដែលរដ្ឋាភិបាល និងខ្ញុំនឹងធ្វើគ្រប់មធ្យោបាយនៅទីក្រុង Vilnius»។
គួរបញ្ជាក់ថា តួកគីទីក្រុងអង់ការ៉ាបានបដិសេធសំណើសុំចូលជាសមាជិកភាពរបស់ស៊ុយអែត ក្រោមហេតុផលថាទីក្រុងស្តុកខមបាននិងកំពុងទំនុកបម្រុងក្រុមសកម្មប្រយុទ្ធដែលខ្លួនចាត់ទុកថាជាភេរវជន។ ហុងគ្រីក៏បានជំទាស់នឹងសំណើរបស់ប្រទេសស៊ុយអែតផងដែរ ដោយលើកឡើងពីការត្អូញត្អែរអំពីការរិះគន់ស៊ុយអែតលើកំណត់ត្រារបស់នាយករដ្ឋមន្ត្រី លោក Viktor Orban ស្តីពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕