(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃសុក្រ (២៦ ឧសភា) នេះ បានបង្ហាញគម្រោងនៃផែនទីបង្ហាញផ្លូវសេដ្ឋកិច្ចរយៈពេលមធ្យម ដែលបានលើកឡើងពីអាទិភាពគោលនយោបាយ របស់នាយករដ្ឋមន្ត្រី លោក ​Fumio Kishida ដូចជាការទប់ស្កាត់ការធ្លាក់ចុះអត្រាកំណើត ដោយការបង្កើនការចំណាយលើការថែទាំកុមារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

គម្រោងដែលនឹងដើរតួជាសសរស្តម្ភ នៃផែនទីបង្ហាញផ្លូវគោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលដែលនឹងត្រូវបញ្ចប់ក្នុងខែមិថុនា មិនបានបញ្ជាក់អំពីរបៀបដែលវិធានការចំណាយទាំងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទាននោះទេ ដែលជាគន្លឹះសម្រាប់ លោក Kishida មុនពេលការបោះឆ្នោតដែលនឹងអាចឈានមកដល់នៅចុងឆ្នាំនេះ។

នៅក្នុងប្រទេសជប៉ុន កំណែទម្រង់សារពើពន្ធគឺជាកិច្ចការបន្ទាន់មួយ សម្រាប់រដ្ឋាភិបាលដែលជំពាក់បំណុលគេច្រើនបំផុតនៅក្នុងពិភពឧស្សាហកម្ម ជាមួយនឹងបំណុលសាធារណៈច្រើនជាង ២៥០% នៃផលិតផលក្នុងស្រុកសរុប (GDP) ។

ទោះបីជាយ៉ាងណាក៏ដោយ ការចំណាយលើការជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាច្រើនជុំបានធ្វើឱ្យមានការលំបាកបន្ថែមទៀត ក្នុងការសម្រេចបាននូវគោលដៅសមតុល្យថវិកាសំខាន់នៅចុងឆ្នាំសារពើពន្ធ ២០២៥។

បន្ថែមពីលើបន្ទុកបំណុលដ៏ច្រើនរួចមកហើយ លោក Kishida គ្រោងនឹងបង្កើនការចំណាយយោធារបស់ប្រទេសជប៉ុនទ្វេដង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន និងកូរ៉េខាងជើង ស្របពេលដែលការចំណាយទ្វេដងលើការថែទាំកុមារផងដែរ៕