(អ៉ីស្លាម៉ាបាដ)៖ ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយថា រដ្ឋាភិបាលបានចេញនូវដាក់ការរឹតបន្តឹងលើអតីតនាយករដ្ឋមន្ត្រី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) និងភរិយា ក៏ដូចជាក្រុមជំនួយការនយោបាយរាប់រយនាក់របស់លោក មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ចំពេលមានការប្រឈមមុខដាក់គ្នាជាមួយយោធាដ៏មានឥទ្ធិពលរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ និងគ្រប់គ្រងព្រំដែន បានបញ្ចូលឈ្មោះលោក ខាន់ ទៅក្នុងបញ្ជីគ្មានការហោះហើរ។ លោកស្រី ប៊ួស្រា ប៊ីប៊ី (Bushra Bibi) ដែលជាភរិយារបស់លោក ខាន់ ក៏ដូចជាមេដឹកនាំ រួមទាំងសមាជិកជាង ៥០០នាក់នៃគណបក្ស PTI ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះផងដែរ។

ក្រុមមន្រ្តីទាំងនោះ បានគូសបញ្ជាក់ថា «វាគឺជាការអនុវត្តស្តង់ដារក្នុងគ្រប់ករណីទាំងអស់។ នោះគឺអ្នកដែលប្រឈមមុខនឹង រឿងក្តីនៅតុលាការ ត្រូវបានហាមប្រាមមិនឲ្យចាកចេញពីប្រទេស»។ ឆ្លើយតបនឹងការហាមប្រាមនេះ លោក ខាន់ នៅថ្ងៃសុក្រនេះ បាននិយាយ «ខ្ញុំមិនមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសទេ ពីព្រោះខ្ញុំមិនមានទ្រព្យសម្បត្តិ ឬអាជីវកម្មនៅបរទេស ឬសូម្បីតែគណនីធនាគារនៅខាងក្រៅប្រទេស។ សូមអរគុណរដ្ឋាភិបាល ដែលបានដាក់ខ្ញុំនៅក្នុងបញ្ជីគ្មានការហោះហើរ»

គួរបញ្ជាក់ថា ចំណាត់ការប្រឆាំងនឹង លោក ខាន់ ធ្វើឡើងនៅពេលដែលបញ្ហាប្រឈមផ្លូវច្បាប់កាន់តែកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីអ្នកគាំទ្ររបស់លោក បានសម្រុកចូលទីតាំងយោធាសំខាន់ៗ រួមទាំងទីស្នាក់ការកងទ័ពផងនោះ ក្នុងការតវ៉ាប្រឆាំងនឹងការចាប់ខ្លួន លោក ខាន់ កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ៕