(មូស្គូ)៖ លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ដែលជាមនុស្សដ៏ជំនិតម្នាក់របស់ ប្រធានាធីបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានព្រមាននៅថ្ងៃសុក្រនេះថា ក្រុមលោកខាងលិចកំពុងតែមើលស្រាលជាខ្លាំង ចំពោះហានិភ័យនៃការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែរ ជុំវិញវិបត្តិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

លោក មេដវេដេវ ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី ហើយធ្លាប់កាន់តំណែងជា ប្រធានាធិបតីរុស្ស៉ីចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ផងដែរនោះ បានលើកឡើងយ៉ាងដូច្នេះថា «មានច្បាប់នៃសង្រ្គាមដែលមិនអាចប្រែក្រឡាស់បាន។ ប្រសិនបើ​និយាយអំពីអាវុធនុយក្លេអ៊ែរវិញ ចាំបាច់ត្រូវតែមានការវាយប្រហារទុកជាមុន»។ លោកបានបន្តថា បើមានការអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានអាវុធនុយក្លេអ៊ែរ ខណៈពុំមានប្រទេសលោកខាងលិចណាមួយ ធ្លាប់បានស្នើឡើងជាសាធារណៈអំពីរឿងនេះ ឡើយនោះ មីស៉ីល​បំពាក់នុយក្លេអ៊ែរនឹងហោះឆ្ពោះទៅរកពួកគេមិនខានឡើយ។ ជាចុងក្រោយ លោក មេដវេដេវ បានបន្ថែមថា ក្រុមលោកខាងលិចហាក់ដូច​​មើលស្រាល ចំពោះរឿងនេះជាខ្លាំង ហើយជឿថាវានឹងមិនអាចកើតឡើង ខណៈលោកសង្កត់ធ្ងន់ថា ច្បាស់ណាស់វានឹងកើតឡើង ប៉ុន្តែនៅក្រោមលក្ខខណ្ឌ​ជាក់លាក់។

ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ គឺជាជម្លោះដ៏ប្រល័យបំផុតនៅតំបន់អឺរ៉ុប គិតចាប់តាំង​ពីសង្រ្គាមលោកលើកទី២ និងជាការប្រឈមមុខគ្នាធំបំផុតរវាងទីក្រុងមូស្គូនិងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២។ រុស្ស៉ីដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបង្អស់ ធ្លាប់បានអះអាងជាដដែលៗថា ក្រុមលោកខាងលិចកំពុងធ្វើសង្រ្គាមប្រូស៉ី ជាមួយរុស្ស៉ីនៅអ៊ុយក្រែន ដែលអាចនឹងកើនឡើងក្លាយទៅជា ជម្លោះដែលធំធ្ងន់ធ្ងរជាងនេះទៅទៀត។ លោកខាងលិចអះអាងថា ខ្លួនចង់​ជួយអ៊ុយក្រែនយកឈ្នះរុស្ស៉ី ប៉ុន្តែទីក្រុងវ៉ាស៉ីនតោនបានព្រមានថា ការប្រឈមមុខគ្នាដោយផ្ទាល់រវាងបក្សសម្ព័ន្ធយោធាណាតូ (NATO) ដែលដឹកនាំដោយ​អាមេរិក ហើយនិងរុស្ស៉ី មុខជានឹងនាំទៅរកសង្រ្គាមលោកលើកទី៣ មិនខានឡើយ។

គួរបញ្ជាក់ថា នៅពេលទទួលបានឯករាជ្យ ក្រោយការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ អ៊ុយក្រែនមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់​នៅក្នុងដៃ។ ប៉ុន្តែអ៊ុយក្រែន បានប្រគល់ពួកវាទាំងអស់ឱ្យទៅរុស្ស៉ី នៅក្រោមអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ជាថ្នូរមកវិញនូវការ​ធានាចំពោះសន្តិសុខ និងអធិបតេយ្យរបស់ខ្លួន ពីសំណាក់ប្រទេសរុស្ស៉ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕