Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយមានការវាយប្រហារដោយកាំភ្លើងនិងកាំបិត នៅភាគខាងលិចប្រទេសជប៉ុន

26-05-2023 14:45

(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ប៉ូលិសជប៉ុនបានឃាត់ខ្លួនបុគ្គលម្នាក់ ដែលបានលាក់ខ្លួនក្នុងអគារមួយ បន្ទាប់ពីជាប់សង្ស័យសម្លាប់ មនុស្ស៤នាក់ ដែលមានរួមទាំងមន្ត្រីប៉ូលិស ២នាក់ផងដែរ នៅក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

បុរសរូបនោះ ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងក្បែរទីក្រុងណាកាណូ (Nakano) ក្នុងតំបន់ណាហ្កាណូ (Nagano) ដោយប៉ូលិសបញ្ជាក់ថាអ្នកស្លាប់ទី ៤គឺជាស្ត្រីចំណាស់ម្នាក់ដែលរងរបួសនៅឯកន្លែងកើតហេតុ។ មានស្ត្រីម្នាក់ និងប៉ូលិសពីរនាក់ទៀត ត្រូវបានបញ្ជាក់មុននោះ ថាស្លាប់ក្នុងការវាយប្រហារ។ ប៉ូលិសបានប្រាប់ AFP ឲ្យដឹងថា ជនសង្ស័យអាយុ ៣១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅម៉ោងប្រហែល ៤ និង៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ពីបទឃាតកម្មដោយប្រើកាំភ្លើងបាញ់សម្លាប់។ យ៉ាងនេះក្តី នៅមិនទាន់មានការសន្និដ្ឋានពីមូលហេតុណាមួយនោះទេ ក្នុងករណីឃាតកម្មនេះ។

គួរបញ្ជាក់ថា អំពើហិង្សាដែលបានកើតឡើងនៅឯទីជនបទ នៃតំបន់ភាគខាងលិចប្រទេស គឺជាករណីដ៏កម្រនៃឧក្រិដ្ឋកម្មហិង្សានៅជប៉ុន ដែលជាប្រទេសមានអត្រាឃាតកម្មទាប និងមានច្បាប់កាំភ្លើងដ៏តឹងរ៉ឹងបំផុតមួយ របស់ពិភពលោក៕