(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាតស៊ូ មីលល័រ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំង ចំពោះការរៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី ទៅកាន់ប្រទេសបេឡារុស ប៉ុន្តែមិនបានឃើញថា រុស្ស៉ីត្រៀមលក្ខណៈប្រើអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ដោយរំលឹកឡើងវិញនូវការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោនថា ការប្រើប្រាស់អាវុធគីមី ជីវសាស្រ្ត ឬនុយក្លេអ៊ែរនៅក្នុងជម្លោះនឹងត្រូវជួប «ផលវិបាកធ្ងន់ធ្ងរ» លោក មីលល័រ (Matthew Miller) បានគូសបញ្ជាក់ថា «វាជាឧទាហរណ៍ចុងក្រោយបង្អស់នៃអាកប្បកិរិយាមិនទទួលខុសត្រូវ ដែលយើងបានឃើញពីរុស្ស៉ី ចាប់តាំងពីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២។ ខ្ញុំសូមបន្ថែមថា យើងមិនបានមើលឃើញមានហេតុផលណាមួយ ដើម្បីកែសម្រួលឥរិយាបថនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់យើង ឬការបង្ហាញណាមួយដែលថារុស្ស៉ី កំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ»។

គួរបញ្ជាក់ថា រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្ដើមដំណើរការផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុសហើយ ខណៈ ក្បាលគ្រាប់នុយក្លេអ៊ែរក៏ត្រូវបានបញ្ជូនចេញទៅកាន់ទីតាំងត្រូវដាក់ពង្រាយផងដែរ ដែលនេះនឹងក្លាយជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្រៅទឹកដីរុស្ស៉ី ជាលើកដំបូងបំផុត ចាប់តាំងពីអតីតសហភាពសូវៀតរលំរលាយកាលពីឆ្នាំ ១៩៩១មក៕