(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី និងជាមនុស្សជំនិតម្នាក់របស់លោក ពូទីន គឺលោក Dmitry Medvedev បាននិយាយថាសង្រ្គាមអ៊ុយក្រែនអាចនឹងអូសបន្លាយ ពេលរាប់ទសវត្សរ៍ ហើយដែលការប្រយុទ្ធគ្នារយៈពេលយូរនេះអាចនឹងលាយលំជាមួយបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

លោក Dmitry Medvedev ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អំលុងបំពេញ ទស្សនកិច្ចក្នុងប្រទេសវៀតណាម។ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជម្លោះនេះ (សង្រ្គាមនៅអ៊ុយក្រែន) នឹងអូសបន្លាយពេលដ៏យូរ ឬអាចរាប់ទសវត្សរ៍ក៏ថាបាន»

លោក Medvedev បន្តទៀតថានៅក្នុងសង្រ្គាមរយៈពេលវែង វាអាចនឹងមានបទឈប់បាញ់រយៈពេល ២ ឬ ៣ឆ្នាំ ហើយក្រោយមកសង្រ្គាមនឹងផ្ទុះបន្តទៀត។ លោក Medvedev គឺជាមនុស្សម្នាក់ដែលតែងតែប្រើប្រាស់វោហាសាស្ត្រសម្លុតគំរាម ហើយកាលពីខែមេសាកន្លងទៅ លោកថែមទាំងបានចាត់ទុកអាជ្ញាធរ អ៊ុយក្រែន ជាជំងឺឆ្លងមួយផងដែរ៕