(តូក្យូ)៖ យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារដ៏កម្រមួយនៅក្នុងប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់ក្នុ ងនោះមានមន្ត្រីប៉ូលីសពីរនាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។
ប៉ូលិសបានទទួលទូរសព្ទនៅរសៀលថ្ងៃព្រហស្បតិ៍ ជាមួយនឹងសេចក្តីរាយការណ៍ថា «បុរសម្នាក់បានចាក់ស្ត្រីម្នាក់»។ ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បុរសជនសង្ស័យរូបនេះបានបាញ់ប្រហារលើមនុស្ស៤នាក់ មុនពេលរត់គេចពីកន្លែងកើតហេតុ ហើយលាក់ខ្លួននៅក្នុងអគារមួយ។
ស្ត្រីរងគ្រោះខាងលើត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវបានគេប្រកាសថាបានស្លាប់នៅទីនោះ។
សារព័ត៌មាន NHK ក្រោយមកបានរាយការណ៍ថា មន្ត្រីប៉ូលិសពីរនាក់ក៏បានស្លាប់ដោយសាររបួសរបស់ពួកគេ និងម្នាក់ទៀតរងរបួសផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អាជ្ញាធរក្រុង Nakano បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនឱ្យស្ថិតនៅក្នុងផ្ទះ។
គួរបញ្ជាក់ថា នៅប្រទេសជប៉ុនដែលជាប្រទេសមានប្រជាជន១២៥លាននាក់ អំពើហិង្សាដោយកាំភ្លើងគឺជាករណីកម្រណាស់។ ដោយសារតែច្បាប់គ្រប់គ្រងកាំភ្លើងដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ខណៈអត្រាឧក្រិដ្ឋកម្មកាំភ្លើងមានទាបបំផុតមួយក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងឃាតកម្មអតីតនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន៕