(គូឡាឡាំពួរ)៖ ក្រសួងការពារជាតិម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃ ១០.១ពាន់លានរីងហ្គីត (២.២៨ពាន់លានដុល្លារអាមេរិក) នៅក្នុងការតាំងពិព័រណ៍ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងរបស់ក្រុមហ៊ុន Langkawi (LIMA)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ថវិការនេះរួមមានទាំងសម្រាប់ការទិញយន្តហោះវាយប្រហារធុនស្រាល FA-50 ចំនួន ១៨គ្រឿងពីក្រុមហ៊ុន Korea Aerospace Industries (KAI) និងការជួលឧទ្ធម្ភាគចក្រ Sikorsky Black Hawk ចំនួន ៤គ្រឿងពីក្រុមហ៊ុនម៉ាឡេស៊ី Aerotree Defence and Services ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីខែកុម្ភៈថា ក្រុមហ៊ុន KAI ដែលជាក្រុមហ៊ុនផលិតយន្តហោះយោធាតែមួយគត់របស់ប្រទេសកូរ៉េខាងត្បូងបានឈ្នះការដេញថ្លៃដើម្បីផ្គត់ផ្គង់យន្តហោះទៅម៉ាឡេស៊ីក្នុងតម្លៃ ៩២០លានដុល្លារ។
ការបញ្ជាទិញយកនេះកើតឡើង ចំពេលដែលម៉ាឡេស៊ីសម្លឹងរកការធ្វើឲ្យប្រសើរឡើង ឬជំនួសទ្រព្យសកម្មយោធាចាស់ៗមួយចំនួន។ ក្រោមកញ្ចប់ថវិកាឆ្នាំនេះ រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ១៧.៧ពាន់លានរីងហ្គីតសម្រាប់ក្រសួងការពារជាតិ ដែលកើនឡើង ១០ ភាគរយធៀបនឹងការបែងចែកឆ្នាំ២០២២។
ក្រសួងការពារជាតិបានឱ្យដឹងទៀតថា កងទ័ពអាកាសម៉ាឡេស៊ីក៏នឹងទិញប្រព័ន្ធអាកាសគ្មានមនុស្សបើកចំនួនបីគ្រឿងពីក្រុមហ៊ុនអាកាសចរណ៍តួកគី និងយន្តហោះល្បាតដែនសមុទ្រពីរគ្រឿង ពីក្រុមហ៊ុន Leonardo SPA របស់ប្រទេសអ៊ីតាលីផងដែរ៕