(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ជីវ គួចឹង (Chiu Kuo Cheng) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា បញ្ហាប្រព័ន្ធសូវែរ (Software) កំពុងតែអូសបន្លាយការប្រគល់យន្តហោះចម្បាំង F-16V ស៊េរីថ្មី សរុបចំនួន៦៦គ្រឿង ពីសហរដ្ឋអាមេរិកមកឱ្យតៃវ៉ាន់ ប៉ុន្តែដែនកោះនេះនៅតែរំពឹងថា នឹងទទួលបានពួកវាទាំងអស់ ត្រឹមក្នុងឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

ក្នុងខែឧសភានេះ លោក ជីវ ធ្លាប់និយាយម្តងរួចហើយថា ការប្រគល់យន្តហោះចម្បាំង F-16V ទាំងនោះ ត្រូវបានពន្យារពេលដោយសារ​បញ្ហារំខានពាក់ព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ លោកបានបកស្រាយបន្ថែមទៀតថា បញ្ហាគឺទាក់ទងជាមួយប្រព័ន្ធគ្រប់គ្រង​ការហោះហើរ ខណៈទីក្រុងតៃប៉ិកំពុងព្យាយាមដោះស្រាយបញ្ហានេះ ជាមួយភាគីអាមេរិក។ ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្រៅសភាតៃវ៉ាន់ លោក ជីវ បានលើកឡើងយ៉ាងដូច្នេះថា «បើតាមគោលការណ៍ ត្រឹមក្នុងឆ្នាំ២០២៦ យន្តហោះទាំង៦៦គ្រឿង នឹងមកដល់»។

កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 ខាងលើ ដែលជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ក្នុងតម្លៃ៨ពាន់លានដុល្លារ ឱ្យមកតៃវ៉ាន់។ ប្រការនេះនឹងធ្វើឱ្យតៃវ៉ាន់មានយន្តហោះ F-16 សរុបកើនដល់លើស២០០គ្រឿង ដែលច្រើនជាងគេបង្អស់ប្រចាំនៅអាស៉ី ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន នៅចំពោះមុខការកើនឡើង នៃការដាក់សម្ពាធពីប្រទេសចិន ដែលចាត់ទុកដែនកោះនេះ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រៅពីការបញ្ជាទិញខាងលើ តៃវ៉ាន់ក៏បាននិងកំពុងកែច្នៃយន្តហោះចម្បាំង F-16 ស៊េរី A និង B ចំនួន១៤១គ្រឿងឱ្យក្លាយ​ទៅជាប្រភេទ V ផងដែរ ដែលមានប្រព័ន្ធអេឡិចត្រូនិច អាវុធ និងរ៉ាដាទំនើបជាងមុន ដើម្បីបង្កើនសមត្ថភាពត្រៀមសម្រាប់តតាំងជាមួយ កងទ័ពអាកាស​ចិន ដែលរួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ J-20។

តៃវ៉ាន់បានចាប់ផ្តើមត្អូញត្អែរអំពីបញ្ហាពន្យារពេល នៃការប្រគល់អាវុធរបស់សហរដ្ឋអាមេរិក តាំងតែពីឆ្នាំមុនមក ក្នុងនោះរួមមានទាំងមីស៉ីល Stinger សម្រាប់​ប្រឆាំងយន្តហោះ ជាដើម ខណៈក្រុមហ៊ុនផលិតអាវុធអាមេរិក បានបង្វែរការផ្គត់ផ្គង់ទៅអ៊ុយក្រែនទៅអ៊ុយក្រែនវិញ ដែលស្ថិតក្នុង​សង្រ្គាមជាមួយរុស្ស៉ី។ កំលុងទស្សនកិច្ចនៅទីក្រុងតៃប៉ិ កាលពីខែមេសា លោក មីឈែល ម៉ាក់ខូល (Michael McCaul) ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តអាមេរិក បាននិយាយថា រូបលោកកំពុងប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព ដើម្បីពន្លឿនដំណើរការប្រគល់អាវុធឱ្យតៃវ៉ាន់៕