(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធនេះ សេតវិមានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចជ្រើសរើស មេកងទ័ពអាកាស លោក ឆាល ឃ្យូ ប្រោន (Charles Q. Brown) ឱ្យឡើងកាន់តួនាទីជា មន្រ្តីយោធាកំពូលថ្មីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។
សេតវិមានឱ្យនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី បៃដិន នឹងប្រកាសជាផ្លូវការពីការជ្រើសតាំង លោកឧត្តមសេនីយ៍ ឆាល ឃ្យូ ប្រោន ជូនៀ (Q. Brown, Jr) ដែលជានាយសេនាធិការកងទ័ពអាកាសអាមេរិក ឱ្យឡើងកាន់តួនាទីជាប្រធាននាយសេនាធិការចម្រុះនៃយោធារបស់សហរដ្ឋអាមេរិក ដែលជាតំណែងមេទ័ពកំពូល នៅក្នុងជួរយោធាអាមេរិក។ លោក ប្រោន គឺជាឧត្តមសេនីយមួយរូប ដែលពោរពេញដោយបទពិសោធន៍ ប៉ុន្តែបទពិសោធន៍ដ៏សំខាន់បំផុតមួយរបស់លោក គឺក្នុងនាមជាមេបញ្ជាការកងទ័ពអាកាសអាមេរិក នៅតំបន់ប៉ាស៉ីហ្វិក កាលពីចន្លោះឆ្នាំ២០១៨-២០២០ ខណៈវាគឺជាទីកន្លែងដែលទីក្រុងវ៉ាស៉ីនតោន កំពុងខ្នះខ្នែងព្យាយាមប្រជែងឥទ្ធិពលជាមួយប្រទេសចិន។
គួរបញ្ជាក់ថា មុនអាចឡើងកាន់តំណែងបាន លោក ប្រោន ចាំបាច់ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាអាមេរិកសិន។ បច្ចុប្បន្ន បុគ្គលដែលកំពុងកាន់តួនាទីជា ប្រធាននាយសេនាធិការយោធាចម្រុះអាមេរិក គឺលោក ម៉ាក មីលី (Mark Milley) ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០១៩មក៕