(អូតាវ៉ា)៖ ប្រទេសកាណាដា និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាស្ដារទំនាក់ទំនងការទូតទាំងស្រុងឡើងវិញ ហើយនឹងតែងតាំងឯកអគ្គរដ្ឋទូតថ្មីរៀងៗខ្លួន ក្រោយមានជម្លោះការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៨មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយរដ្ឋាភិបាលកាណាដា និងអារ៉ាប៊ីសាអូឌីត ការសម្រេចចិត្តស្ដារទំនាក់ទំនងនឹងគ្នាឡើងវិញ កើតមានឡើងបន្ទាប់ពីមាន កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ និងព្រះអង្គម្ចាស់រជ្ជទាយាទ អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន នាឱកាសដែលមេដឹកនាំទាំង២ បានចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងទីក្រុងបាងកក កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្ដីថ្លែងការណ៍ ដដែល បានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះកើតចេញពីឆន្ទៈរបស់ប្រទេសទាំង២ ដែលចង់ស្ដារទំនាក់ទំនងការទូតឡើងវិញ ដោយផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួម។

គួររំលឹកថា កាលពីឆ្នាំ២០១៨ ភាពតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងកាណាដា បានផ្ទុះឡើងខ្លាំង ក្រោយអ្នកកាសែត លោក ចាម៉ាល់ ខាសុកគី (Jamal Khashoggi) ត្រូវបានគេធ្វើឃាត។ ចាប់តាំងពីពេលនោះមក ស្ថានទូតកាណាដា ប្រចាំទីក្រុងរីយ៉ាដ ចាប់ផ្ដើមចេញផ្សាយសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ជាភាសា អារ៉ាប់ ដោយជំរុញឱ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដោះលែងសកម្មជនការពារសិទ្ធិស្ត្រីជាបន្ទាន់ ដែលនេះបានធ្វើឱ្យទីក្រុងរីយ៉ាដ ខឹងសម្បាររហូតដល់កោះហៅ ឯកអគ្គរាជទូតរបស់ខ្លួននៅកាណាដា ត្រឡប់មកស្រុកវិញ និងដាក់ចេញការរឹតត្បិតពាណិជ្ជកម្មជាមួយកាណាដា៕