(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលដល់លោក Xie Feng ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក ខណៈដែលលោកបំពេញកាតព្វកិច្ចរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទកាសែតពេលឆ្លើយសំណួរពាក់ព័ន្ធ។
លោកស្រី Mao បាននិយាយថា ឯកអគ្គរដ្ឋទូតចិនថ្មី លោក Xie បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញបេសកកម្មថ្មីរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូតគឺជាស្ពាន និងចំណងដ៏សំខាន់មួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលសម្រាប់ឯកអគ្គរដ្ឋទូត នៅពេលគាត់បំពេញកាតព្វកិច្ចរបស់គាត់។
លោកស្រី Mao បាននិយាយទៀតថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចងចាំផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក ហើយងាកមកធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ៕