(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានកាលពីថ្ងៃពុធថា ទីក្រុងមូស្គូនឹងឆ្លើយតប «យ៉ាងសាហាវបំផុត»​ ចំពោះការវាយប្រហារលើទឹកដីរុស្ស៊ី បន្ទាប់ពីយន្តហោះចម្បាំង និងកាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកក្រុមប្រដាប់អាវុធ ដែលឆ្លងកាត់ព្រំដែនពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​​ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិនៅថ្ងៃនេះ លោក Sergei Shoigu បានប្រាប់មន្ត្រីយោធារបស់ខ្លួនថា «យើងនឹងបន្តឆ្លើយតបយ៉ាងរហ័ស និងសាហាវបំផុត ចំពោះសកម្មភាពបែបនេះរបស់ពួកសកម្មប្រយុទ្ធអ៊ុយក្រែននាពេលអនាគត»

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ុយក្រែនដែលបានវាយឆ្មក់តំបន់នៅតាមព្រំដែនរុស្ស៊ីក្នុងសប្តាហ៍នេះ បានប្រើប្រាស់ឧបករណ៍យោធាដែលផលិតដោយលោកខាងលិច ស្របតាមការកើនឡើងនៃការចូលរួមរបស់លោកខាងលិចនៅក្នុងជម្លោះនៅអ៊ុយក្រែន។

យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកម្ចាត់ពួកសកម្មប្រយុទ្ធដែលបានវាយប្រហារតំបន់ព្រំដែន Belgorod របស់រុស្ស៊ីដោយរថពាសដែក និងបានសម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជាង ៧០នាក់ និងបានរុញច្រានអ្នកផ្សេងទៀតចូលទៅក្នុងអ៊ុយក្រែនវិញ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «វាមិនមែនជារឿងសម្ងាត់សម្រាប់ពួកយើងទៀតទេ ដែលអាវុធកាន់តែច្រើនកំពុងត្រូវបានបញ្ជូនទៅកាន់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន។ វាមិនមែនជារឿងសម្ងាត់ទេដែលឧបករណ៍នេះត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងកងទ័ពរបស់យើង...»