Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រុកស៊ូដង់ អះអាងថាមានការប្រយុទ្ធគ្នាក្នុងរដ្ឋធានីខាទុំ នៅថ្ងៃទី២ នៃការអនុវត្តបទឈប់បាញ់ (Video inside)

24-05-2023 17:31

(ខាទុំ)៖ អ្នកស្រុកស៊ូដង់ បាននិយាយនៅថ្ងៃពុធនេះថា មានការប៉ះទង្គិចគ្នាពេញមួយយប់រវាងភាគីជម្លោះក្នុងប្រទេសស៊ូដង់ ក្នុងផ្នែកខ្លះនៃរដ្ឋធានីខាទុំ នៅថ្ងៃទីពីរនៃការអនុវត្តបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលត្រូវបានដាក់ចេញដើម្បីអនុញ្ញាត ឲ្យមានការចែកចាយជំនួយ និងសម្រាប់ធ្វើជាមូលដ្ឋានបង្កើតបទឈប់បាញ់រយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

បទឈប់បាញ់ដែលកំពុងស្ថិតក្រោមការតាមដានពីអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ក៏ដូចជាភាគីជម្លោះ ត្រូវបានដាក់ចេញបន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានីខាទុំ អស់រយៈពេល ៥សប្តាហ៍ ក៏ដូចជាការផ្ទុះនូវអំពើហិង្សា ក្នុងតំបន់ផ្សេងទៀត រួមទាំងតំបន់ភាគខាងលិចនៃទីក្រុងដាហ្វួរ (Darfur) ផងដែរ។

អ្នកស្រុកអូមឌូម៉ាន់ (Omdurman) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៣នៅជុំវិញចំណុចប្រសព្វនៃទន្លេប្លូនីល (Blue Nile) និងវ៉ាយ នីល (White Nile) ដែលបង្កើតបានជារដ្ឋធានីធំរបស់ប្រទេសស៊ូដង់ បាននិយាយថា មានការបាញ់គ្នាទៅវិញទៅមក កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងតំបន់ជាច្រើន។ ស្នូកាំភ្លើងធំអាចត្រូវបានគេឮ នៅជិតមូលដ្ឋានយោធាវ៉ាឌី សាយីដណា (Wadi Sayidna) ស្ថិតនៅឯជាយរដ្ឋធានី។

គួរបញ្ជាក់ថា បទឈប់បាញ់ធ្វើឲ្យការប្រយុទ្ធគ្នានៅខាទុំមានភាពធូរស្រាល កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ទោះបីជារហូតមកដល់ពេលនេះមានសញ្ញាតិចតួចថា អាចដំណើរការផ្តល់ជំនួយមនុស្សធម៌បានក្តី ដោយបុគ្គលិកផ្តល់ជំនួយ និយាយថាសំភារៈ និងបុគ្គលិកជាច្រើនបានមកដល់កំពង់ផែស៊ូដង់ នៅលើសមុទ្រក្រហមហើយ ខណៈដែលឆ្នាំសមុទ្រកំពុងរង់ចាំការអនុញ្ញាត និងការធានាសុវត្ថិភាព៕