(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលប៉ាគីស្ថានកំពុងពិចារណាដាក់បម្រាមលើ គណបក្សនយោបាយរបស់អតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) សម្រាប់ការវាយប្រហារមកលើរដ្ឋអំណាច ខណៈទង្វើនេះអាចនឹងដុតបញ្ឆេះកំហឹងក្រុមអ្នកគាំទ្ររបស់លោក ខាន់ បន្ថែមទៀត ហើយបង្កើនការប្រឈមមុខគ្នារបស់លោក ជាមួយនិងយោធារបស់ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ កំពុងជាប់ផុងក្នុងដំណាក់កាលថ្មីចុងក្រោយ នៃការប្រកួតប្រជែងដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ រវាងអ្នកនយោបាយស៉ីវិល ហើយនិងយោធាដ៏មានឥទ្ធិពល ដែលក្នុងប្រវត្តិសាស្រ្តប៉ាគីស្ថាន គឺជាអ្នកកាន់អំណាចដោយផ្ទាល់ ឬគ្រប់គ្រងប្រទេសនៅក្រោយខ្នងរដ្ឋាភិបាលស៉ីវិល។ ការប្រឈមមុខគ្នា បានបង្កឱ្យមានការផ្ទុះបាតុកម្ម នៅទូទាំងប្រទេសធ្វើឡើងដោយក្រុមអ្នកគាំទ្របស់លោក ខាន់ ជាហេតុនាំឱ្យមានក្តីបារម្ភថ្មី ជុំវិញស្ថិរភាពនៃប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ដែលកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរស្រាប់។
រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាយ៉ា អាស៉ីហ្វ (Khawaja Asif) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា គណបក្ស PTI របស់លោក អ៉ីមរ៉ាន់ ខាន់ បានវាយប្រហារចំពោះមូលដ្ឋានគ្រឹះចម្បងបំផុតនៃភាពជាប្រទេស ដែលជាទង្វើមិនអាចលើកលែងឱ្យបានជាដាច់ខាត។ លោកបាននិយាយថា ការដាក់បម្រាមហាមឃាត់លើគណបក្សនេះ កំពុងស្ថិតក្រោមការពិចារណា ប៉ុន្តែលោកបានបន្ថែមថា សភានឹងជាអ្នកដែលត្រូវផ្តល់ការអនុម័តយល់ព្រមចុងក្រោយ សម្រាប់ការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាល ក្នុងការដាក់បម្រាមលើគណបក្ស PTI។
គួរបញ្ជាក់ថា លោក អាស៉ីហ្វ ចង់សំដៅលើការដែលក្រុមអ្នកគាំទ្ររបស់លោក ខាន់ បាននាំគ្នាធ្វើបាតុកម្មយ៉ាងហិង្សាក្នុងខែឧសភានេះ ដោយពួកគេបានវាយប្រហារលើ មូលដ្ឋានយោធា រួមមានទាំងទីស្នាក់ការកណ្តាលរបស់កងទ័ព ហើយនិងអគាររដ្ឋាភិបាលផ្សេងៗទៀត។ ការតវ៉ាបានផ្ទុះឡើង ដើម្បីជាឆ្លើយតបទៅនឹងការចាប់ខ្លួនលោក ខាន់ កាលពីថ្ងៃទី៩ ខែឧសភា ពាក់ព័ន្ធការចោទប្រកាន់ករណីពុករលួយ។ ក្រោយមក លោកក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ខាន់ ត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សួរចម្លើយអស់រយៈពេល៣ម៉ោង៕