(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានជួបនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងទីក្រុងស៊ីដនីនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើអន្តោប្រវេសន៍ ដើម្បីបង្កើនចំនួននិស្សិតឥណ្ឌា ក៏ដូចជាជំរុញការធ្វើដំណើរកម្សាន្ត បែបអាជីវកម្ម ទៅកាន់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីផលប៉ះពាល់ នៃសង្រ្គាមរុស្ស៉ីជាមួយអ៊ុយក្រែនទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសផ្នែកសន្តិសុខស្បៀង និងប្រេងឥន្ធនៈ។ ពួកគេបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើការរុករករ៉ែសំខាន់ៗ ហើយនឹងធ្វើការឆ្ពោះដើម្បីទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ។

បន្ទាប់ពីកិច្ចបញ្ចប់ប្រជុំទ្វេភាគី លោក អាល់បានីស បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងក៏បានពិភាក្សាអំពីការធ្វើពាណិជ្ជកម្ម ការធ្វើចំណាកស្រុក និងថាមពលកកើតឡើងវិញ ហើយប្រទេសទាំងពីរបានបង្កើតក្រុមការងារអ៊ីដ្រូសែន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើថាមពលស្អាត»

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីឥណ្ឌា កំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ២០១៤ ហើយមានរយៈពេលពីរខែបន្ទាប់ពី លោក អាល់បានីស ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា៕