វិមានក្រឹមឡាំងថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន មិនទាន់មានការសម្រេចនៅឡើយ (Video inside)
24-05-2023 16:10
(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ពេលវេលានៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិនកំពុងត្រូវបានសម្របសម្រួលដោយភាគីនានា។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយថា លោកបានអញ្ជើញលោកប្រធានាធិបតី ពូទីន មកបំពេញទស្សនកិច្ចប្រទេសចិន នៅពេលក្រោយ ក្នុងពេលដ៏ងាយស្រួលសម្រាប់លោក ព្រោះនៅឆ្នាំ២០២៣នេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវាត់ និងផ្លូវអន្តរជាតិលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRFIC)។ លោក ប៉េសកូវ បានគូសបញ្ជាក់ថា «មានការអញ្ជើញលោក ពូទីន ទៅទស្សនកិច្ចនៅប្រទេសចិន។ ប៉ុន្តែពេលវេលា និងព័ត៌មានលម្អិតផ្សេងទៀតនឹងបញ្ជាក់នៅពេលក្រោយ»។
គួរបញ្ជាក់ថា បើតាមលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក នីកូឡៃ ផាតទ្រូសេវ (Nikolay Patrushev) ទីក្រុងម៉ូស្គូបានវាយតម្លៃខ្ពស់ចំពោះការអញ្ជើញរបស់ទីក្រុងប៉េកាំង ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីថ្លែងទៅកាន់វេទិកាខ្សែក្រវាត់ និងផ្លូវក្នុងនាមជាភ្ញៀវកិត្តិយសនៃព្រឹត្តិការណ៍នេះ៕