(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ូលិសអាមេរិកបានឱ្យដឹងថា បុរសម្នាក់ដែលបានបើករថយន្តដឹកទំនិញមួយគ្រឿង ទៅបំបុករនាំងសន្តិសុខនៃឧទ្យានក្បែរសេតវិមាន ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ជាផ្លូវការ ពីបទព្យាយាមធ្វើឃាតឬបង្ករបួសស្នាម ចំពោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរអាមេរិកបាននិយាយថា អ្នកបើករថយន្តខាងលើ បានបញ្ជាយានជំនិះរបស់ខ្លួន ទៅបំបុករនាំងសន្តិសុខនៅឧទ្យាន ឡាហ្វៀត (Lafayette Park) ដោយចេតនា កាលពីវេលាម៉ោងជិត១០៖០០នាទីយប់ថ្ងៃចន្ទ (ពេលវេលាក្នុងតំបន់)។ បុរសម្នាក់នោះមានឈ្មោះថា សាយ វ៉ាស៉ីត កានឌូឡា (Sai Varshith Kandula) អាយុ១៩ឆ្នាំ មកពីទីក្រុងឆេស្ទើហ្វៀល (Chesterfield) នៃរដ្ឋមីស៊្សូរី (Missouri)។

គួរបញ្ជាក់ថា ជនខាងលើត្រូវបានឃាត់ខ្លួនភ្លាមៗនាពេលនោះ ហើយឥឡូវត្រូវបានចាប់ខ្លួននិងចោទប្រកាន់ជាផ្លូវការ ពីបទធ្វើសកម្មភាពវាយ​ប្រហារដោយអាវុធគ្រោះថ្នាក់ បើកបរយានជំនិះដោយភាពធ្វេសប្រហែស គំរាមធ្វើឃាត ចាប់ជំរិត ឬបង្ករបួសស្នាមលើប្រធានាធិបតី អនុប្រធានាធិបតី ឬសមាជិកគ្រួសារពួកគេ បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងទន្ទ្រានចូលកន្លែងហាមឃាត់។ នៅក្នុងរថយន្តជនបង្ក អាជ្ញាធរក៏​បានរកឃើញទង់ណាហ្ស៉ីផងដែរ៕