(ហ្ស៊េរុយសាឡិម)៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់អ៉ីស្រាអែល បានលើកឡើងពីលទ្ធភាពនៃការធ្វើសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ បើទោះជាទីប្រឹក្សាសន្តិសុខជាតិរបស់ លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ មិនទាន់មើលឃើញពីការគំរាមកំហែងភ្លាមៗណាមួយ បង្កឡើងដោយរោងចក្រនុយក្លេអ៊ែរក្រោមដីដែលអ៉ីរ៉ង់កំពុងចាប់ផ្ដើមសាងសង់ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែឧសភា​ ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់ប្រមុខកងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល លោកឧត្ដមសេនីយ៍ឯក ហឺហ្ស៉ី ហាឡេវី (Herzi Halevi) ធ្វើឡើងក្នុងសុន្ទរកថាមួយ នៅឯវេទិកាសន្តិសុខ Herzliya Conference កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ លោក ហាឡេវី បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់កាន់តែមានភាពរីកចម្រើនទៅមុខជាមួយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម មិនធ្លាប់មានពីមុនមក... ការវិវត្តប្រកបដោយភាពអវិជ្ជមាននេះអាចនឹងជំរុញឱ្យមានការធ្វើសកម្មភាព (យោធា) ភ្លាមៗ»។ លោក ហាឡេវី មិនបានលម្អិតឱ្យដឹងនោះទេថាតើ អ្វីទៅជាការធ្វើសកម្មភាពដែលលោកបានលើកឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថាអ៉ីរ៉ង់បាន និងកំពុងសាងសង់មូលដ្ឋានក្រោមដីថ្មីមួយ នៅឯ តំបន់ភ្នំ ហ្សាក្រូស (Zagros) ដើម្បីជំនួសទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយដែលរងការវាយប្រហារដោយការបំផ្ទុះ និងអគ្គិភ័យកាលពីឆ្នាំកក្កដា ឆ្នាំ២០២០៕