(មូស្គូ)៖ រុស្ស៉ី បានឱ្យដឹងថាខ្លួនបានចល័តយន្ដហោះចម្បាំង Su-27 មួយគ្រឿង ឱ្យទៅទប់ស្កាត់ការបំពានតំបន់ព្រំដែន ដោយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ២គ្រឿង ដែលបានហោះនៅលើដែនអាកាសនៃតំបន់សមុទ្របាល់ទិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថាយោធាបានទប់ស្កាត់រាល់ការបំពានព្រំដែនដោយយន្ដហោះ អាមេរិក ហើយការហោះហើររបស់យន្ដហោះចម្បាំងរុស្ស៉ី គឺធ្វើឡើងអនុលោមយ៉ាងតឹងរ៉ឹងទៅនឹងច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស។ ក្រសួងបានបញ្ជាក់ បន្ថែមដូច្នេះថា «នៅបន្ទាប់ពីការបណ្ដេញយន្ដហោះយោធាបរទេសចេញពីព្រំដែនរុស្ស៉ី យន្ដហោះចម្បាំងរុស្ស៉ីបានត្រឡប់មកកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញ...»

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះយោធាអាមេរិកទាំង២គ្រឿងខាងលើ គឺជាប្រភេទយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B។ ដោយឡែក ក្នុងថ្ងៃអង្គារដដែលនោះដែរ មន្ទីរបញ្ចកោណបានទទួលស្គាល់ថាយន្ដហោះអាមេរិកត្រូវបានស្ទាក់ដោយយន្ដហោះរុស្ស៉ី ហើយយន្ដហោះទម្លាក់គ្រាប់បែក B-1B បានចូលរួមក្នុងការធ្វើសមយុទ្ធតាមការគ្រោងទុកក្នុងតំបន់អឺរ៉ុប ខណៈសកម្មភាពរបស់យន្ដហោះចម្បាំងរុស្ស៉ី ចំពោះយន្ដហោះអាមេរិក មិនបានបង្កបញ្ហាអ្វីនោះទេ៕