(ប្រ៊ុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថា ភ្លើងខៀវរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែនទទួលបានការបណ្តុះបណ្តាលយន្តហោះ F-16 បានបង្កើតនូវសន្ទុះដ៏ក្លេវក្លា ដែលនឹងនាំយន្តហោះចម្បាំងទៅសមរភូមិអ៊ុយក្រែនដោយជៀសមិនរួច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

លោក Josep Borrell ដែលបានលើកឡើងពីការជជែកដេញដោលដ៏យូរ និងការប្រឆាំងជំទាស់ដំបូង ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ Leopard កម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន លោកបាននិយាយថា «អ្នកដឹងទេ វាគឺដូចគ្នាយើងបានពិភាក្សាវា ហើយអ្នកគ្រប់គ្នាមានការស្ទាក់ស្ទើរនៅគ្រាដំបូង។ ប៉ុន្តែនៅទីបញ្ចប់ ទាំង Leopard និងចុងក្រោយជាមួយ F-16 វាត្រូវបានសម្រេចចិត្តផ្តល់ការគាំទ្រផ្នែកយោធា (សម្រាប់អ៊ុយក្រែន) ព្រោះវាត្រូវការជាចាំបាច់»

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា ការសម្រេចចិត្តធ្វើការបណ្តុះបណ្តាល គឺជាការជំរុញយ៉ាងពិតប្រាកដដែលចាំបាច់ ឆ្ពោះទៅរកការធ្វើឱ្យយន្តហោះទាំងនោះ មានដល់អ៊ុយក្រែន។

លោក Stoltenberg បាននិយាយមុនពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបថា «ការប្រកាសយ៉ាងច្បាស់អំពីការចាប់ផ្តើមនៃការបណ្តុះបណ្តាលនេះ គឺជាជំហានដ៏សំខាន់មួយ ដែលអាចឱ្យយើងផ្តល់យន្តហោះប្រយុទ្ធដល់អ៊ុយក្រែននៅពេលណាមួយ»

លោកបានសង្កត់ធ្ងន់ទៀតថា វាក៏បង្ហាញឱ្យឃើញផងដែរថា «លោកខាងលិចនឹងមិនដកថយចំពោះមុខរបស់រុស្ស៊ីឡើយ» ហើយការសម្រេចចិត្តបែបនេះគឺជាការផ្ញើសញ្ញាច្បាស់លាស់ថា អឺរ៉ុបនឹងនៅទីនោះសម្រាប់រយៈពេលយូរ ហើយថារុស្ស៊ីមិនអាចរង់ចាំឱ្យប្លុកនេះចាកចេញបានទេ។

លោក Borrell បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនបានចាប់ផ្តើមរួចហើយ នៅក្នុងប្រទេសប៉ូឡូញ និងប្រទេសមួយចំនួនទៀត ទោះបីជាអាជ្ញាធរនៅទីក្រុងវ៉ារស្សាវ៉ា មិនអាចបញ្ជាក់ពីព័ត៌មាននេះភ្លាមៗក៏ដោយ។ ប្រទេសហូឡង់ និងដាណឺម៉ាក ក្នុងចំណោមប្រទេសដទៃទៀត ក៏កំពុងរៀបចំផែនការសម្រាប់ការបណ្តុះបណ្តាលបែបនេះដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលលោកចូ បៃដិន បានផ្ដល់ភ្លើងបៃតងឲ្យសម័្ពន្ធមិត្ត បញ្ជូនយន្ដហោះចម្បាំងស៊េរីទំនើបនេះដល់អ៊ុយក្រែន រួមទាំងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពីឡុត។ ព្រមពេលជាមួយគ្នានេះ កាណាដា ក៏បានបង្ហើបពីបំណងចូលរួម ក្នុងការបណ្តុះបណ្តាលដល់ពីឡុតអ៊ុយក្រែនផងដែរ៕