តំបន់ព្រំដែនរុស្ស៉ីកំពុងរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (Video inside)
23-05-2023 19:01
(មូស្គូ)៖ អភិបាលតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ពីលើតំបន់ Belgorod របស់ប្រទេសរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។
អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា យោងទៅតាមទិន្នន័យបឋម មិនមានជនរងគ្រោះទេ ហើយផលវិបាកនៅលើដីកំពុងត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើយន្តហោះដ្រូននោះ ត្រូវបានបាញ់បង្ហោះដោយអ៊ុយក្រែនឬយ៉ាងណានោះទេ។
លោកបាននិយាយថា ស្រុក Grayvoron និងស្រុក Borisov ក្នុងតំបន់ Belgorod ត្រូវបានទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យខូចខាតដល់អគារលំនៅដ្ឋានឯកជនជាច្រើន។
តំបន់ Belgorod ដែលស្ថិតនៅជាប់នឹងតំបន់ Kharkiv របស់អ៊ុយក្រែន នាពេលថ្មីៗនេះ បានក្លាយជាចំណុចកណ្តាលនៃអរិភាព។
ភាគីរុស្ស៊ីបាននិយាយថា កាលពីថ្ងៃចន្ទ ក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយលុកតំបន់ Belgorod ។ ប៉ុន្តែទីក្រុងកៀវបានបដិសេធ ដោយអះអាងថាមានក្រុមទាហានរុស្ស៊ីពីរក្រុមនៅពីក្រោយប្រតិបត្តិការក្នុងតំបន់នេះ៕