(វៀងចន្ទន៍)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសឡាវ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងទីក្រុងមូស្គូ និងទីក្រុងវៀងចន្ទន៍ ជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក វីឡាយ ឡាខាមហ្វុង ដែលកាន់តួនាទីជារដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ឡាវផងដែរ នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងពិធីបើកកិច្ចប្រជុំ អ្នកនយោបាយរុស្ស៉ីដែលត្រូវបានគេស្គាល់ថាជាម​នុស្សជំនិតរបស់លោក ពូទីន រូបនេះបានលើកឡើងពី ទំនាក់ទំនងដ៏យូរអង្វែង និងការជឿទុកចិត្តគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ។ នៅព្រឹកថ្ងៃដដែលនេះ លោក ម៉េតវ៉េដេវ បានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ដើម្បីរំលឹកដល់ពីឡុតសូវៀត ដែលត្រូវបានសម្លាប់នៅប្រទេសឡាវនាឆ្នាំ ១៩៦០-១៩៧៣ ខណៈដែលកំពុងបំពេញបេសកកម្មដើម្បីជួយដល់ប្រជាជាតិឡាវ។

គួរបញ្ជាក់ថា វិមានអនុស្សាវរីយ៍នេះ ត្រូវបានឆ្លាក់ដោយជនជាតិរុស្ស៉ី គឺលោក វីតាលី សានូវ (Vitaly Shanov) និងត្រូវបានដាក់សម្ភោធជាផ្លូវការកាលពីខែធ្នូ ឆ្នាំ២០២២។ វាត្រូវបានបង្កើតឡើងដើម្បីជាការរំលឹកដល់មនុស្សជំនាន់ក្រោយ អំពីតម្រូវការជួយគ្នាទៅវិញទៅមក ទប់ទល់នឹងការឈ្លានពានជាសកល និងជានិមិត្តសញ្ញានៃទំនាក់ទំនងមិត្តភាពរវាងរុស្ស៉ី និងឡាវ៕