(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រុម Secret Service ដែលជាទីភ្នាក់ងារការពារសុវត្ថិភាពប្រធានាធិបតីអាមេរិក បានឱ្យដឹងថា អាជ្ញាធរនៅរដ្ឋធានីវ៉ាស៉ីនតោន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បានឃាត់ខ្លួនអ្នកបើករថយន្តដឹកទំនិញមួយគ្រឿង ដែលបានជិះបុករនាំងសន្តិសុខនៅឧទ្យាន ឡាហ្វៀត ស្គ្វែរ (Lafayette Square) ដែលនៅក្បែរសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។
លោក អាន់តូនី ហ្គូឃ្លីអ៊ែលមី (Anthony Guglielmi) អ្នកនាំពាក្យ Secret Service បាននិយាយថា មិនមានការបង្កឱ្យរងរបួសចំពោះបុគ្គលិក Secret Service ឬបុគ្គលិកសេតវិមានណាម្នាក់ឡើយ។ រីឯមូលហេតុនិងលក្ខណៈនៃការបុកទង្គិចនោះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។ បើតាមលោក Guglielmi អ្នកបើកបរថយន្ត ដែលត្រូវបានឃាត់ខ្លួនហើយនោះ ប្រហែលជាបានជិះទៅបំបុករនាំងសន្តិសុខដោយចេតនា ប៉ុន្តែរថយន្តត្រូវបានប្រកាសថា ពុំមានគ្រោះថ្នាក់អ្វីឡើយ។
គួរបញ្ជាក់ថា ក្រោយពេលកើតហេតុខាងលើ ផ្លូវយានជំនិះនិងផ្លូវថ្មើរជើងមួយចំនួន នៅជុំវិញឧទ្យាន Lafayette Square ត្រូវបានបិទជាបណ្តោះអាសន្នសិន។ ចំណែកសណ្ឋាគារ ហេ អាដាម (Hay Adams) នៅក្បែរនោះ ក៏បានជម្លៀសមនុស្សចេញ តាមសំណើរបស់ក្រុម Secret Service ផងដែរ៕