(វ៉ាស៉ីតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានសភាតំណាងរាស្រ្ត លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅថ្ងៃចន្ទសប្តាហ៍នេះ មិនអាចសម្រេច បាននូវកិច្ចព្រមព្រៀងណាមួយទេ ដើម្បីកំណត់កម្រិតអតិបរានៃបំណុលសាធារណៈ ៣១.៤ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិក ក្នុងការចរចារយៈពេល ១០ថ្ងៃមកនេះ ប៉ុន្តែភាគីទាំងពីរប្តេជ្ញាបន្តពិភាក្សាគ្នាបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

លោកប្រធានាធិបតី បៃដិន មកពីបក្សប្រជាធិបតេយ្យ និងប្រធានសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន និងកំពុងតស៊ូមតិដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀង មួយ ក្រោយពេលដែល លោក ម៉ាកខាធី បានដាក់សម្ពាធលើសេតវិមាន ឲ្យយល់ព្រមលើការកាត់បន្ថយការចំណាយនៅក្នុងថវិកាសហព័ន្ធ ដែលលោក បៃដិន ចាត់ទុកថា «មានតម្រូវការខ្លាំងបំផុត» ហើយបានជំរុញឲ្យមានការដាក់ចេញនូវពន្ធថ្មី តែគណបក្សសាធារណរដ្ឋបានច្រានចោល។

លោក បៃដិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនោះថា «យើងបានបញ្ជាក់ម្តងទៀតថា ការខកខានសងបំណុលមិនស្ថិតនៅក្រោមការពិចារណាឡើយ ហើយមធ្យោបាយតែមួយគត់ដើម្បីឲ្យមានដំណើរការទៅមុខ គឺភាពស្មោះត្រង់ឆ្ពោះទៅរកកិច្ចព្រមព្រៀងរវាងគណបក្សធំៗទាំង២»។ រីឯ លោក ម៉ាកខាធី បានប្រាប់អ្នកយកព័ត៌មាន ថា «ក្រុមអ្នកចរចានឹងធ្វើការជាមួយគ្នាពេញមួយយប់ ដើម្បីព្យាយាមស្វែងរកចំណុចរួម»

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មានពេលរហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីបង្កើនដែនកំណត់នៃការខ្ចីប្រាក់ខ្លួនឯងរបស់រដ្ឋាភិបាល ឬខកខានការសងបំណុលដែលមិនធ្លាប់មានពីមុនមក ខណៈបញ្ហានេះក្រុមសេដ្ឋវិទូបានព្រមានថា អាចនាំមកនូវវិបត្តិសេដ្ឋកិច្ចនៅអាមេរិក៕