(ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានសាទរចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ រវាងប្រទេសជិតខាងប៉ាពូអាស៉ីនូវែលហ្គីណេ និងសហរដ្ឋអាមេរិក ដែលមានគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់ នៅចំពោះមុខផែនការរបស់ចិន ដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក និងអូស្ត្រាលីជាសម្ព័ន្ធមិត្ត បានមើលឃើញថាតំបន់ប៉ាស៊ីហ្វិកជាផ្នែកមួយនៃដែនឥទ្ធិពលរបស់ពួកគេ ហើយកំពុង ស្វែងរកការរារាំងប្រទេសដីកោះក្នុងតំបន់នេះ ពីការបង្កើតទំនាក់ទំនងសន្តិសុខជាមួយប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដែនកោះសូឡូម៉ុន (Solomon) កាលពីឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិអូស្រា្តលី លោក រីឆាដ ម៉ាលស៍ (Richard Marles) បានប្រាប់គូសបញ្ជាក់ថា «វាពិតជាល្អណាស់ ដែលយើងកំពុងឃើញអាមេរិក កាន់តែបង្កើនការចូលរួម ក្នុងតំបន់ប៉ាស៊ីហ្វិក និងជាពិសេសជាមួយប៉ាពូអាស៉ីនូវែលហ្គីណេ។ ការបង្កើនវត្តមានរបស់អាមេរិកក្នុងតំបន់ប៉ាស៉ីហ្វិក គឺជាដំណឹងល្អសម្រាប់ពួកយើង»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) និងនាយករដ្ឋមន្ត្រីប៉ាពូអាស៉ីនូវែលហ្គីណេ លោក ជេមស៍ ម៉ារ៉េប (James Marape) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ នៅរដ្ឋធានីព័រម៉ូរេសប៊ី (Port Moresby) ដោយនឹងធ្វើឲ្យកាន់តែមានភាពងាយស្រួល សម្រាប់យោធាអាមេរិក ក្នុងការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ប៉ាពូអាស៉ីនូវែលហ្គីណេ៕