(វ៉ាស៊ីនតោន)៖ រូបភាពក្លែងក្លាយមួយសន្លឹកនៃហេតុការណ៍ផ្ទុះមួយ នៅឯមន្ទីរបញ្ចកោណត្រូវបានស៊ែរបន្តនៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងផុលផុស ដោយបង្កឱ្យទីផ្សារ ហ៊ុនអាមេរិករង្គោះរង្គើរអស់រយៈពេល១០នាទី​ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏ដូចជាកំពុងបង្កឱ្យការព្រួយបារម្ភថាបច្ចេកវិទ្យា AI អាចនឹងបង្កបញ្ហាដល់សង្គមនៅពេលអនាគត។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

រូបភាពស្ដីពីហេតុការណ៍ផ្ទុះខាងលើ ដែលត្រូវបានក្រុមអ្នកជំនាញជាច្រើនថាសង្ស័យថាជាបច្ចេកវិទ្យា AI ត្រូវបានស៊ែរបន្តដោយគណនីបណ្ដាញទំនាក់ទំនងសង្គមជាច្រើន រហូតដល់បង្ខំឱ្យមន្ទីរបញ្ចកោណ ត្រូវចេញមុខធ្វើការអត្ថាធិប្បាយថាមិនមានការផ្ទុះណាមួយបានកើតឡើងនោះទេ។ រូបភាពក្លែងក្លាយនេះត្រូវបានបង្ហោះចេញនៅម៉ោង ១០៖០៩ នាទីព្រឹក ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយមានអ្នកចូលមើលជាងកន្លះលាននាក់ ក្នុងពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ជាការឆ្លើយតបទៅនឹងការបង្ហោះពីហេតុការណ៍ផ្ទុះនេះដែរ អ្នកនាំពាក្យម្នាក់នៃមន្ទីរបញ្ចកោណបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងអាចបញ្ជាក់បានថាវាគឺជាសេចក្ដីរាយការណ៍ ក្លែងក្លាយ ហើយនៅថ្ងៃនេះ មន្ទីរបញ្ចកោណមិនបានរងការវាយប្រហារណាមួយនោះទេ»

គួរបញ្ជាក់ថា ការបង្ហោះរូបភាពក្លែងក្លាយដែលត្រូវបានគេសង្ស័យថាជាបច្ចេកវិទ្យា AI បាន និងកំពុងបង្កការព្រួយបារម្ភពីការរីកសាយនៃព័ត៌មានមិនពិត និងបង្កចលាចលដល់ សង្គម។ តួយ៉ាង កាលពីពេលថ្មីៗ រូបភាព AI ជាច្រើនត្រូវបានស៊ែរបន្តនៅលើបណ្ដាញសង្គម ក្នុងនោះរួមមានទាំងរូបភាពបង្ហាញពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានប៉ូលិសចាប់វាយខ្នោះ រីឯសម្ដេចប៉ាប ស្លៀកបំពាក់ DJ ជាដើម៕