(មូស្គ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃចន្ទនេះបាននិយាយថាវោហាសាស្ត្រនុយក្លេអ៊ែររបស់ក្រុមប្រទេស G7 គឺមានគោលដៅដាក់សម្ពាធទាំងចិត្តសាស្ត្រ យោធា និងនយោបាយ លើទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ប្រតិកម្មរបស់ក្រសួងការបរទេសរុស្ស៉ី ធ្វើឡើងឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍មួយស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ចេញផ្សាយនៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលអំពាវនាវឱ្យចិន និងរុស្ស៉ីមានតម្លាភាពពាក់ព័ន្ធនឹងឃ្លាំងអាវុធនុយក្លេអ៊ែរ។ ជាការឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍នេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថាសេចក្ដីថ្លែងការណ៍ខាងលើបានឆ្លុះបញ្ចាំងពីចេតនារបស់ G7 ប្រឆាំងរុស្ស៉ី និងចិន។

«វោហាសាស្ត្រស្ដីពីទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ បានបង្ហាញពីវត្ថុបំណងតែមួយគត់ គឺដើម្បីដាក់សម្ពាធចិត្តសាស្ត្រ យោធា និងនយោបាយលើរុស្ស៉ី និងចិន ហើយកាន់តែ ច្បាស់គឺមានគោលដៅលាបពណ៌ប្រទេសរបស់ពួកយើង»។ នេះជាការគូសបញ្ជាក់របស់លោក Sergei Ryabkov។

គួរបញ្ជាក់ថា ទាំងចិន និងរុស្ស៉ី បានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 លើបញ្ហាជាច្រើនពាក់ព័ន្ធនឹងប្រទេសទាំង២ ខណៈទីក្រុង មូស្គូបានចាត់ទុកកិច្ចប្រជុំនេះមានគោលដៅសាបព្រោះគំនិតប្រឆាំងរុស្ស៉ី និងចិន៕