(ម៉ានីល)៖ ប៉ូលិស និងមន្ត្រីប្រៃសណីយ៍បាននិយាយកាលពីថ្ងៃចន្ទថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារការិយាល័យប្រៃសណីយ៍ប្រវត្តិសាស្ត្ររបស់ទីក្រុងម៉ានីលពេញមួយយប់ ដោយបានបណ្តាលឲ្យមនុស្សម្នាក់រងរបួស និងបានបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមានអាយុជិត ១០០ឆ្នាំនៅក្នុងរដ្ឋធានីហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅមុនពាក់កណ្តាលអធ្រាត្រនៅក្នុងបន្ទប់ក្រោមដីនៃអគារ neo-classical ដែលមានកម្ពស់ប្រាំជាន់ ហើយត្រូវបានគ្រប់គ្រងបាននៅព្រឹកថ្ងៃចន្ទជាង ៧ម៉ោងបន្ទាប់ពីវាបានចាប់ផ្តើមឆាបឆេះ។

មន្ត្រីបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការឆេះ និងទំហំនៃការខូចខាត។

ការិយាល័យប្រៃសណីយ៍កណ្តាលទីក្រុងម៉ានីលមួយនេះ គឺជាអគារការិយាល័យដ៏មមាញឹកបំផុតរបស់រដ្ឋធានី។ អគារនេះគឺជាមជ្ឈមណ្ឌលតម្រៀប និងចែកចាយសំបុត្រដ៏សំខាន់របស់ប្រទេស ហើយជាការិយាល័យកណ្តាលសម្រាប់សាជីវកម្មប្រៃសណីយ៍ហ្វីលីពីន។

អគារប្រៃសណីយ៍ប្រវត្តិសាស្ត្រនេះត្រូវបានទទួលស្គាល់ថា ជាកន្លែងសម្គាល់ជាតិត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៦ ជាមួយនឹងសសរខ្ពស់ក្នុងរចនាបថបែបបុរាណ។ វាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរកំឡុងសង្គ្រាមលោកលើកទី២ ហើយត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៤៦៕