(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននិយាយថាទាហានរបស់លោកបានវាយដណ្ដើមយក ទឹកដីទាំងអស់នៅក្នុងទីក្រុង បាកមូត (Bakhmut) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន តាមការសន្យា ហើយនឹងចាកចេញពីតំបន់ជម្លោះនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសារជាសំឡេងមួយបែបនិយាយឌឺដង ត្រូវបានបង្ហោះលើបណ្ដាញតេឡេក្រាម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ព្រីហ្គោហ្ស៉ីន បានកត់សម្គាល់ដូច្នេះថា «Wagner មិនបានសម្រេចបាននូវភាពជឿនលឿនទេ។ នៅថ្ងៃនេះ Wagner មិនបានកាន់កាប់ទឹកដីណាមួយទេ។ តែយើងបានវាយដណ្ដើមបានទឹកដីទាំងអស់រួចហើយ តាមការសន្យា...ហើយដូចដែលយើងបានលើកឡើង យើងនឹងប្រគល់ទីតាំងរបស់យើងទៅឱ្យក្រសួងការពារជាតិរុស្ស៉ី ក៏ដូចជានឹងចាកចេញពីតំបន់ជម្លោះនៅថ្ងៃទី២៥ ខែឧសភា»។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក ព្រីហ្គោហ្ស៉ីន បានអះអាងថាទាហានរបស់លោក បានវាយដណ្ដើមបានទីក្រុងបាកមូតទាំងស្រុង ក្រោយការវាយប្រយុទ្ធ យ៉ាងបង្ហូរឈាម អស់រយៈពេលជាង ៩ខែមកនេះ។ ប៉ុន្តែ លោកប្រធានាធិបតី ហ្សេលេនស្គី បានច្រានចោលការអះអាងរបស់លោក ពី្រហ្គោហ្ស៉ីន ហើយថាកងទ័ពអ៊ុយក្រែន នៅតែបន្តការប្រយុទ្ធរបស់ពួកគេនៅឡើយ៕