(ហ៉ីរ៉ូស៉ីម៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកបានអញ្ជើញឥណ្ឌាចូលរួមរូបមន្តសន្តិភាពរបស់អ៊ុយក្រែន កំលុងជំនួបពិភាក្សាកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធតេឡេក្រាមថា អ្នកទាំងពីរក៏បានជជែកអំពីតម្រូវការរបស់អ៊ុយក្រែន សម្រាប់មន្ទីរពេទ្យចល័ត និងក្នុងការដោះមីនផងដែរ។ វាគឺជាជំនួបទល់មុខលើកដំបូងបង្អស់របស់មេដឹកនាំទាំងពីរ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ លោក ម៉ូឌី បានប្រាប់លោក ហ្សេលេនស្គី ថា លោកពិតជាចង់ជួយខ្លាំងណាស់ ដោយរូបលោកនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយអ៊ុយក្រែន តាមតែអាចធ្វើទៅបាន ខណៈសម្រាប់ខ្លួនលោកផ្ទាល់ សង្រ្គាមនៅអ៊ុយក្រែនគឺជាបញ្ហាពាក់ព័ន្ធទៅនឹងមនុស្សជាតិ ក៏ដូចជាទៅនឹងគុណតម្លៃរបស់មនុស្ស។
បើតាមមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា លោក វីណេ ក្វាត្រា (Vinay Kwatra) លោក ហ្សេលេនស្គី ក៏បានអញ្ជើញលោក ម៉ូឌី ឱ្យទៅបំពេញទស្សនកិច្ច នៅអ៊ុយក្រែនថែមទៀតផង។ លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានជួបសន្ទនាគ្នាតាមទូរស័ព្ទប៉ុន្មានលើក ទាំងជាមួយលោក ហ្សេលេនស្គី និងជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅអ៊ុយក្រែន ដោយលោកបានទទូចឱ្យភាគីទាំងពីរ ប្រើប្រាស់កិច្ចសន្ទនានិងការទូត ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។
គួរបញ្ជាក់ថា ទីក្រុងញូដេលីនិងទីក្រុងមូស្គូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នារាប់ទសវត្សរ៍មកហើយ។ ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលមិនបានថ្កោលទោសរុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែនឡើយ។ មិនតែប៉ុណ្ណោះ ការធ្វើពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយទីក្រុងមូស្គូ ក៏បានកើនឡើងខ្ពស់ខ្លាំងដល់កំណត់ត្រាថ្មីផងដែរ ដែលជាចម្បងគឺត្រូវបានជំរុញដោយការបង្កើនទិញប្រេងពីរុស្ស៉ី។ ក្រុមមេដឹកនាំលោកខាងលិចមួយចំនួនបានរិះគន់ ចំណងទាក់ទងដ៏ស្និទ្ធស្នាលនេះរបស់ឥណ្ឌាជាមួយរុស្ស៉ី ខណៈដែលពួកគេព្យាយាមធ្វើឱ្យរុស្ស៉ីនៅឯកោ៕