(ហ៉ីរ៉ូស៉ីម៉ា)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថា ពាក្យពេចន៍របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) មានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ប្រជាជនកូរ៉េខាងត្បូង នៅពេលដែលលោកបាននិយាយថា បេះដូងរបស់លោកឈឺចាប់ខ្លាំងណាស់ សម្រាប់ជនទាំងឡាយដែលបានរងគ្រោះ ក្រោមការបង្ខិតបង្ខំកម្លាំងពលកម្ម អំលុងសម័យអាណានិគមជប៉ុន។ នេះបើតាមកាចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។
លោក យូន បានធ្វើការគូសបញ្ជាក់ដូចខាងលើ កំលុងជំនួបជាមួយលោក គីស៉ីដា នៅក្រៅកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងនៅទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) នៃប្រទេសជប៉ុន។ ជំនួបទ្វេភាគីនៅថ្ងៃអាទិត្យនេះ គឺជាការជួបមុខពិភាក្សាគ្នា ជាលើកទី៣ហើយ រវាងមេដឹកនាំទាំងពីរនៅក្នុងឆ្នាំ២០២៣នេះ។ ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងសភាមិនល្អអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ចំណងទ្វេភាគីបានបន្តប្រសើរឡើង ចាប់តាំងពីពេលកូរ៉េខាងត្បូងបានប្រកាស កាលពីដើមខែមីនាកន្លងទៅ នូវផែនការសម្រាប់ឱ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនផ្ទាល់ រៀបចំផ្តល់សំណងដល់ជនរងគ្រោះនៃការធ្វើពលកម្មដោយបង្ខំ ដោយមិនពាក់ព័ន្ធជាមួយជប៉ុនឡើយ។
គួរបញ្ជាក់ថា មុនពេលជួបគ្នា លោកប្រធានាធិបតីកូរ៉េខាងត្បូង និងលោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានទៅទស្សនកិច្ចឧទ្យានសន្តិភាព Memorial Peace Park នៃទីក្រុងហ៉ីរ៉ូស៉ីម៉ាផងដែរ ដើម្បីសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ រួមមានទាំងជនជាតិកូរ៉េផងដែរ ដែលបានបាត់បង់ជីវិតកំលុងការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក កាលពីឆ្នាំ១៩៤៥។ នាពេលនោះ លោក គីស៉ីដា បានថ្លែងប្រាប់លោក យូន យ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍ថា ទស្សនកិច្ចរបស់យើង មានសារសំខាន់ទាំងសម្រាប់ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង និងសម្រាប់ឱ្យយើងបួងសួងដើម្បីសន្តិភាពនៃពិភពលោកទាំងមូល»៕