(ហ៉ីរ៉ូស៊ីម៉ា)៖ ក្រុមមេដឹកនាំនៃប្រទេស G7 បានរួបរួមគ្នាជំរុញឱ្យចិន ដាក់សម្ពាធលើដៃគូយុទ្ធសាស្ត្ររបស់ខ្លួន គឺរុស្ស៉ីឱ្យបិទបញ្ចប់សង្រ្គាមឈ្លានពាន នៅ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃសៅរ៍នេះ នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្រុមមេដឹកនាំ G7 រួមមាន អាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អ៉ីតាលី និងជប៉ុន បានគូសបញ្ជាក់ដូច្នេះថា «យើងអំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៉ី ឱ្យបញ្ឈប់សកម្មភាព យោធាឈ្លានពានរបស់ខ្លួន និងដកកងទ័ពជាបន្ទាន់ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីអ៊ុយក្រែន»។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា «យើងជំរុញ ឱ្យចិនគាំទ្រសន្តិភាពគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដោយឈរលើមូលដ្ឋានបូរណភាពទឹកដី និងគោលការណ៍ ព្រមទាំងកម្មវត្ថុនៃធម្មនុញ្ញ UN ក្នុងនោះ រួមមានទាំងការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើ ត្រូវបានចេញផ្សាយនៅចំថ្ងៃទី២ នៃកិច្ចប្រជុំ G7 រយៈពេល៣ថ្ងៃ ខណៈលោក ហ្សេលេនស្គីបានធ្វើដំណើរទៅដល់ ទីក្រុងហ៉ីរ៉ូស៊ីម៉ាហើយនៅថ្ងៃសៅរ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់នៅថ្ងៃអាទិត្យស្អែកនេះ៕