UN៖ មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគដែលជា «ជំងឺសម្លាប់អ្នកក្រីក្រ» (Video inside)
19-05-2023 21:37
(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួន៤៣ កំពុងប្រឈមហានិភ័យកើតជំងឺអាសន្នរោគដែលជា «ជំងឺរាតត្បាតសម្លាប់អ្នកក្រីក្រ» ទោះបីជាការការពារនិងការព្យាបាលមានលក្ខណៈសាមញ្ញក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។
លោក Henry Gray នាយកទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ សម្រាប់ការឆ្លើយតបនឹងជំងឺអាសន្នរោគសកលបាននិយាយថា «អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួ៤៣ មានហានិភ័យជំងឺអាសន្នរោគ»។
លោកបានញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសចំនួន២៤ បានរាយការណ៍ពីការផ្ទុះជំងឺអាសន្នរោគ ធៀបនឹង១៥ប្រទេសកាលពីពាក់កណ្តាលខែឧសភាឆ្នាំមុន។
លោក Gray បានស្តីបន្ទោសរឿងនេះ ទៅលើការកើនឡើងនៃភាពក្រីក្រ ជម្លោះ និងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ទីលំនៅដែលធ្វើឲ្យពួកគេចាកចេញពីប្រភពអាហារ និងទឹកដែលមានសុវត្ថិភាពជាងមុន និងដោយគ្មានជំនួយផ្នែកវេជ្ជសាស្ត្រ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាមួយនឹងការកើនឡើងនៃចំនួនប្រទេសដែលរងផលប៉ះពាល់ដោយជំងឺអាសន្នរោគ ធនធានដែលមានសម្រាប់ការបង្ការ និងការឆ្លើយតបគឺកាន់តែរីងស្ងួត»។
ជំងឺអាសន្នរោគត្រូវបានបង្កឡើងដោយបាក់តេរី ដែលជាទូទៅឆ្លងតាមរយៈអាហារ ឬទឹកដែលមានមេរោគ៕