(រីយ៉ាទ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់លើកទី៣២ ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៅថ្ងៃសុក្រនេះ មុនពេលដំណើរទៅប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំ G7។ នេះបលយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ លោក Zelensky បានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់ប្រជាជនរបស់លោក។
លោកបាននិយាយថា «ខ្ញុំប្រាកដថា យើងទាំងអស់គ្នាអាចរួបរួមគ្នាក្នុងការសង្គ្រោះមនុស្សពីទ្រុងនៃពន្ធនាគាររុស្ស៊ី...យើងនឹងមិនចុះចូលជាមួយបរទេស ឬអាណានិគមណាមួយឡើយ។ គោលដៅរបស់យើងគឺដើម្បីការពារប្រជាជនអ៊ុយក្រែន»។
លោកបានបន្ថែមថា «អ៊ុយក្រែនមិនបានជ្រើសរើសសង្រ្គាម ហើយក៏មិនបានចូលរួមក្នុងអរិភាពណាមួយនៅក្នុងទឹកដីនៃប្រទេសផ្សេងទៀតដែរ»។
លោកបានបន្តថា «អ្វីដែលកំពុងកើតឡើងក្នុងប្រទេសរបស់យើងគឺសង្គ្រាមមិនមែនគ្រាន់តែជាជម្លោះនោះទេ។ អ៊ុយក្រែនត្រូវបង្ខំចិត្តបន្តធ្វើការប្រយុទ្ធក្នុងសង្គ្រាម»។
មេដឹកនាំអ៊ុយក្រែនរូបនេះបានជួបជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ ព្រះអង្គម្ចាស់ដ៏មានឥទ្ធិពលរូបនេះ ក៏ធ្លាប់បានសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាពិសេសការដោះលែងអ្នកទោសសង្គ្រាមកាលពីឆ្នាំមុន រួមទាំងជនបរទេស ១០នាក់ដែលត្រូវបានចាប់ដោយរុស្ស៊ី។
«ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហា ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកកិច្ចសហប្រតិបត្តិការរបស់យើងទៅកាន់កម្រិតថ្មីមួយទៀត» នេះជាការលើកឡើងរបស់ លោក Zelensky នៅលើ Twitter ភ្លាមៗបន្ទាប់ពីបានទៅដល់ទីក្រុង Jeddah៕