(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបានឱ្យដឹងថា បេសកជនពិសេសចិន លោក លី ហួយ (Li Hui) បានប្រាប់អ៊ុយក្រែនថា វាមិនមានឱសថទិព្វ ដែលអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែននោះទេ ដោយរូបលោកបានទទូចឱ្យទីក្រុងកៀវនិងទីក្រុងមូស្គូ បង្កើតឱកាសដើម្បីចរចាគ្នារកសន្តិភាព ទើបអាចឆ្ពោះទៅបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។
លោក លី បានបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ ជាទីដែលលោកបានជួបពិភាក្សាគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmitro Kuleba) និងមន្រ្តីអ៊ុយក្រែនដទៃទៀត។ លោក លី គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ប្រទេសចិន ដែលបានទៅទស្សនកិច្ចនៅអ៊ុយក្រែន គិតចាប់តាំងពី ការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនាមជាប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយ ចិនកំពុងព្យាយាមដើរតួជាអ្នកសម្រុះសម្រួល ដើម្បីជួយស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន កំលុងទស្សនកិច្ចនៅអ៊ុយក្រែន លោក លី ហួយ ដែលជាបេសកជនពិសេសទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ី បាននិយាយយ៉ាងដូច្នេះថា «វាពុំមានឱសថទិព្វដើម្បីដោះស្រាយវិបត្តិនេះឡើយ ដោយភាគីទាំងអស់ត្រូវចាប់ផ្តើមចេញពីខ្លួនឯងផ្ទាល់ ហើយកសាងការជឿទុកចិត្តទៅវិញទៅមក រួចបង្កើតឱកាសដើម្បីជជែកគ្នា ឆ្ពោះទៅបញ្ចប់សង្រ្គាម»។ លោក លី ក៏បានដោះដូរទស្សនៈគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរ។
បើតាមក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃពុធលោក គូលេបា បានប្រាប់លោក លី ថាទីក្រុងកៀវនឹងមិនទទួលយកជាដាច់ខាត នូវសំណើបញ្ចប់សង្រ្គាមដែលមានតម្រូវឱ្យអ៊ុយក្រែនត្រូវលះបង់ទឹកដីរបស់ខ្លួនឱ្យទៅរុស្ស៉ី។ បន្ទាប់ពីទីក្រុងកៀវ លោក លី ក៏ត្រូវបំពេញទស្សនកិច្ចនៅប៉ូឡូញ បារាំង អាល្លឺម៉ង់ និងចុងក្រោយនៅរុស្ស៉ីផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងមូស្គូ កាលពីខែមីនា។ រីឯកាលពីខែមេសា លោក ស៉ី បានជួបសន្ទនាតាមទូរស័ព្ទរយៈពេលខ្ទង់មួយម៉ោង ជាមួយលោក ហ្សេលេនស្គី៕