(សិង្ហបុរី)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បុរសម្នាក់ដែលជាប់ទោសពីបទរត់ពន្ធកញ្ឆា ត្រូវបានគេព្យួរកនៅសិង្ហបុរី ខណៈវាគឺជាការប្រហារជីវិតអ្នកទោសលើកទី២ នៅប្រទេសដែនកោះមួយនេះ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។
បុរសខាងលើ មានអាយុ៣៧ឆ្នាំ ត្រូវបានគេប្រហារជីវិតក្នុងពន្ធនាគារ ចាងហ្គី (Changi) ដែលស្ថិតនៅភាគខាងកើតប្រទេសសិង្ហបុរី។ បុរសម្នាក់នោះ ដែលជាពលរដ្ឋសិង្ហបុរីដើមកំណើតម៉ាឡេ ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១៩ ពីបទរត់ពន្ធកញ្ឆាទម្ងន់១.៥គីឡូក្រាម។ កាលពីថ្ងៃទី២៦ ខែមេសា សិង្ហបុរីទើបតែបានព្យួរកបុរសវ័យ៤៦ឆ្នាំម្នាក់ សម្រាប់ការរត់ពន្ធកញ្ឆាទម្ងន់ជាង១គីឡូក្រាម។
នៅក្រោមច្បាប់របស់សិង្ហបុរី សកម្មភាពរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម គឺត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។ បន្ទាប់ពីបានផ្អាកកំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ សិង្ហបុរីបានព្យួរកអ្នកទោសសរុបចំនួន១១នាក់ កាលពីក្នុងឆ្នាំ២០២២ ដោយពួកគេសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
គួរបញ្ជាក់ថា នៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ បណ្តាប្រទេសដែលនៅរក្សាទោសប្រហារជីវិត គឺត្រូវបានកំណត់ឱ្យប្រើប្រាស់វា សម្រាប់តែបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដូចជាការសម្លាប់មនុស្សដោយចេតនាជាដើម។ ប៉ុន្តែក្រសួងមហាផ្ទៃសិង្ហបុរី បានលើកហេតុផលបកស្រាយថា ទោសប្រហារជីវិតគឺជាសមាសធាតុដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសសិង្ហបុរី ហើយមានប្រសិទ្ធភាពក្នុងការរក្សាឱ្យសិង្ហបុរីមានសន្តិសុខនិងសុវត្ថិភាព៕