(កៀវ)៖ នៅថ្ងៃពុធនេះ អ៊ុយក្រែនបានចេញមុខបដិសេធ ការអះអាងដែលថា មីស៉ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៉ី បានបាញ់កម្ទេច​ប្រព័ន្ធការពារមីស៉ីល ប៉ាទ្រីយ៉ូត (Patriot) ដែលផលិតដោយសហរដ្ឋអាមេរិក កំលុងការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីបានធ្វើការអះអាងដូចខាងលើ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយមានការវាយប្រហារតាមផ្លូវអាកាសកាលពីវេលា​យប់រំលងអធ្រាត្រ ទៅលើរដ្ឋធានីរបស់អ៊ុយក្រែន។ ក្រោយមក មន្រ្តីអាមេរិកពីរនាក់ បាននិយាយថា ប្រព័ន្ធ Patriot មួយគ្រឿង ប្រហែល​​បានទទួលរងការខូចខាត ប៉ុន្តែវាហាក់មិនត្រូវបានបំផ្លាញទាំងស្រុងទេ។ រីឯអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អៀណាត់ (Yuriy Ihnat) បានចេញមុខអះអាងថា កុំឱ្យមានការព្រួយបារម្ភអំពីជោគវាសនា នៃប្រព័ន្ធ Patriot ដោយលោកបានច្រានចោលលើ​លទ្ធភាពដែលថា មីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) របស់រុស្ស៉ី បានបាញ់កម្ទេចប្រព័ន្ធ Patriot។ បើតាមលោក អៀណាត់ ការអះអាងអំពីការបាញ់កម្ទេច Patriot ដោយប្រើមីស៉ីល Kinzhal គ្រាន់តែជាពាក្យសម្តីឃោសនា របស់រុស្ស៉ីប៉ុណ្ណោះ។

គួរបញ្ជាក់ថា Patriot ស្ថិតក្នុងចំណោមប្រព័ន្ធការពារដែនអាកាសទំនើបៗ ដែលក្រុមលោកខាងលិចបានផ្តល់ឱ្យមកអ៊ុយក្រែន ដើម្បីជួយ​ទប់ទល់ការវាយប្រហារតាមផ្លូវអាកាស របស់រុស្ស៉ី។ វាត្រូវបានចាត់ទុកជា ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលអាចប្រឆាំងនឹងយន្តហោះ មីស៉ីលគ្រូស និងមីស៉ីលបាលិស្ទីគជាដើម។ កាលពីថ្ងៃអង្គារ អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ស្កាត់​មីស៉ីល Kinzhal ចំនួន៦គ្រាប់ ប៉ុន្តែមិនបានប្រាប់ថា ប្រើប្រាស់ប្រព័ន្ធអ្វីដើម្បីបាញ់ស្ទាក់ទេ។ រីឯកាលពីជិត២សប្តាហ៍មុន ទីក្រុងកៀវ​បានអះអាងថា ខ្លួនបាញ់ស្កាត់មីស៉ីល Kinzhal បានជាលើកដំបូង ដោយប្រើប្រព័ន្ធ Patriot របស់អាមេរិក។ ខាងរុស្ស៉ីបានចេញមុខបដិសេធ ចំពោះការអះអាងទាំងនេះរបស់អ៊ុយក្រែន៕