(តៃប៉ិ)៖ គណបក្សប្រឆាំងធំជាងគេរបស់កោះតៃវ៉ាន់ គឺគណបក្ស គួមីនតាង (Kuomintang/KMT) នៅថ្ងៃពុធនេះ បានសម្រេចជ្រើសរើស អភិបាលក្រុងតៃប៉ិថ្មី (New Taipei City) លោក ហូ យ៉ូយី (Hou Yu-ih) ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។
ប្រធានបក្ស KMT លោក អេរិគ ជូ (Eric Chu) បាននិយាយថា ដើម្បីអនាគតរបស់កោះតៃវ៉ាន់ និងសន្តិភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គណបក្ស KMT ចាំបាច់ត្រូវតែវិលត្រឡប់មកកាន់អំណាចវិញ។ លើកចុងក្រោយបង្អស់ ដែលបក្ស KMT គ្រប់គ្រងអំណាចគឺកាលពីចន្លោះឆ្នាំ២០០៨-២០១៦ អំលុងគ្រាដែលទំនាក់ទំនង មានភាពកក់ក្តៅជាមួយចិន។ គណបក្ស KMT បដិសេធថា ខ្លួនមិនមាននិន្នាការគាំទ្រទីក្រុងប៉េកាំងទេ ប៉ុន្តែចង់ឱ្យមានការរក្សាទំនាក់ទំនងល្អជាមួយចិន ហើយគាំទ្រសំណើដែលថា ភាគីទាំងពីរសុទ្ធតែជាផ្នែកនៃចិនតែមួយ ប៉ុន្តែភាគីម្ខាងៗអាចមានការបកប្រែអត្ថនន័យខុសពីគ្នា នៃពាក្យចិនតែមួយនេះ។
គួរបញ្ជាក់ថា ជាអតីតប្រធានទីភ្នាក់ងារប៉ូលិសជាតិតៃវ៉ាន់ លោក ហូ បានបន្តជាប់ឆ្នោតជាអភិបាលទីក្រុងតៃប៉ិថ្មី ជាមួយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពីចុងឆ្នាំមុន នៅពេលដែលគណបក្សកាន់អំណាចបច្ចុប្បន្នគឺ DPP បានទទួលបរាជ័យក្រោមដៃបក្ស KMT។ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ នាខែមករា ឆ្នាំក្រោយ លោក ហូ នឹងត្រូវប្រកួតប្រជែងជាមួយអនុប្រធានាធិបតីតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) ដែលជាបេក្ខជនតំណាងបក្ស DPP ហើយកំពុងតែមានសំឡេងគាំទ្រនាំមុខ ក្នុងលទ្ធផលស្ទង់មតិ ដែលចេញផ្សាយក្នុងសប្តាហ៍នេះ៕