(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានតុលាការកំពូលនៃប្រទេសអ៊ុយក្រែន ត្រូវបានឃាត់ខ្លួននិងដកពីតំណែង ពាក់ព័ន្ធការស៉ើបអង្កេតករណីស៉ីសំណូកមួយ ដែលអាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយអ៊ុយក្រែន ចាត់ទុកជាសំណុំរឿងដ៏ធំបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។
លោក អូឡិចសាន់ដឺ អូមេលឆិនកូ (Oleksandr Omelchenko) ដែលជារដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាឯកទេសផ្នែកប្រឆាំងអំពើពុករលួយ (SAPO) បាននិយាយថា ប្រធានតុលាការកំពូលអ៊ុយក្រែនត្រូវបានឃាត់ខ្លួន ក្រោមការសង្ស័យពាក់ព័ន្ធការស៉ីសំណូក។ លោក អូមេលឆិនកូ មិនបានបង្ហើបពីអត្តសញ្ញាណរបស់ចៅក្រមកំពូលរូបនោះឡើយ ប៉ុន្តែគេដឹងថាមកទល់ពេលនេះ តុលាការកំពូលអ៊ុយក្រែនត្រូវបានដឹកនាំដោយ លោក វីសេវ៉ូឡូដ ឃ្ញែហ្សេវ (Vsevolod Kniaziev)។ ប៉ុន្មានម៉ោងក្រោយការឃាត់ខ្លួនខាងលើ តុលាការកំពូលអ៊ុយក្រែនបានកោះប្រជុំពេញអង្គបន្ទាន់មួយ ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្តពីលោក ឃ្ញែហ្សេវ ហើយបានដកតំណែងជាប្រធានតុលាការរបស់លោក។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ការិយាល័យជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន NABU បានប្រកាសថា អាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយ កំពុងធ្វើការស៉ើបអង្កេតសកម្មភាពពុករលួយទ្រង់ទ្រាយធំ នៅក្នុងប្រព័ន្ធតុលាការកំពូល។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារ NABU បានឱ្យដឹងថា ប្រធានតុលាការកំពូលអ៊ុយក្រែន ជាប់សង្ស័យពីបទទទួលសំណូកចំនួនរហូតដល់ ២.៧លានដុល្លារអាមេរិក។ ទោះកំពុងស្ថិតក្នុងសង្រ្គាមជាមួយប្រទេសរុស្ស៉ីក៏ដោយ ទីក្រុងកៀវបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបោសសំអាតអំពើពុករលួយ ដ្បិតការធ្វើយ៉ាងដូច្នោះ មានសារសំខាន់ដើម្បីបំពេញតាមលក្ខខណ្ឌ ក្នុងការឆ្ពោះទៅក្លាយជា សមាជិករបស់សហភាពអឺរ៉ុប (EU)៕