(កដ្ឋមណ្ឌូ)៖ អ្នកជំនាញឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ បានឡើងដល់កំពូលភ្នំ Everest សរុប២៧ដង នៅថ្ងៃពុធនេះ ដែលជាកំណត់ត្រាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

មន្រ្តីក្រសួងទេសចរណ៍នេប៉ាល់ ហើយនិងក្រុមហ៊ុនឡើងភ្នំដែលលោកធ្វើការ បានឱ្យដឹងថា លោក កាមី រីតា (Kami Rita) ដែលមាន​អាយុ៥៣ឆ្នាំ បានឡើងដល់ កំពូលភ្នំដែលមានកម្ពស់ ៨,៨៤៩ម៉ែត្រ ខ្ពស់ជាងគេនៅលើពិភពលោកនេះ កាលពីវេលាព្រឹកថ្ងៃពុធ កំលុងពេលជួយនាំផ្លូវ អ្នកឡើងភ្នំបរទេសម្នាក់ ឡើងទៅកាន់កំពូលភ្នំ Everest ខណៈវាគឺជាលើកទី២៧ហើយ សម្រាប់លោក។

លោក កាមី រីតា បានឡើងដល់កំពូលភ្នំ Everest ជាលើកដំបូង កាលពីឆ្នាំ១៩៩៤ ហើយលោកបានបន្តឡើងទៅកាន់ទីនោះ សឹងតែរៀងរាល់​ឆ្នាំ ចាប់តាំងពីពេលនោះមក លើកលែងតែនៅឆ្នាំ២០១៤ ២០១៥ និង២០២០ នៅពេលដែលការឡើងភ្នំ ត្រូវបានផ្អាកក្រោមហេតុផលផ្សេងៗ។ ការលើកឡើងដល់កំពូលភ្នំ Everest ជាលើកទី២៦ របស់លោក ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២២ ខណៈកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន អ្នកជំនាញឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ទៀត ឈ្មោះថា ប៉ាសាង ដាវ៉ា (Pasang Dawa) ក៏បានឡើងដល់កំពូលភ្នំ Everest សរុប២៦លើកផងដែរ ដែលស្មើគ្នាជាមួយកំណត់ត្រាចាស់របសលោក កាមី រីតា។

គួរបញ្ជាក់ថា កំពូលរបស់ភ្នំ Everest ត្រូវបានគេឡើងដល់សរុបលើសពី ១១,០០០លើកហើយ ទាំងពីខាងប្រទេសនេប៉ាល់ និងខាងតំបន់ទីបេនៃប្រទេសចិន គិតចាប់តាំងតែពីវាត្រូវបានគេឡើងដល់កំពូលលើកដំបូង កាលពីឆ្នាំ១៩៥៣ ហើ់យក៏មានមនុស្ស​ជាច្រើននាក់ ធ្លាប់ឡើងទៅដល់កំពូលច្រើនលើកផងដែរ។ យោងតាមអាជ្ញាធរទទួលបន្ទុកការឡើងភ្នំ Everest មានមនុស្សសរុបជាង ៣២០នាក់ បានបាត់បង់ជីវិត នៅលើភ្នំនេះ៕